ខេត្តកំពង់ស្ពឺ៖ ក្រោយប្រជាពលរដ្ឋ ១២ឃុំ ក្នុងស្រុកកណ្តាលស្ទឹង ប្រតិកម្មរឿងបង្ហូរទឹកស្អុយចូលប្រឡាយ នាំឱ្យពួកគាត់រងផលប៉ះពាល់ មន្ត្រីជំនាញក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យភ្លាមៗ និងបានសម្រេចឱ្យក្រុមហ៊ុន “ជីងលូ យ័ន” បញ្ឈប់ការបង្ហូរទឹកកខ្វក់ ចូលទៅក្នុងប្រឡាយ៦១ ជាបណ្តោះអាសន្ន ដើម្បីរៀបចំឧបករណ៍បច្ចេកទេសតាមដានជាថ្មី ពិសេសបញ្ចៀសផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ អ្នករស់នៅតាមបណ្តោយសណ្តស្ទឹង និងជីវចម្រុះ។

លោកសារុន សំបូរ ប្រធាននាយកដ្ឋានបរិស្ថាន នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងរោងចក្រ និងប្រព័ន្ធលូបង្ហូរកាកសំណល់រាវចេញពីរោងចក្រ ទៅក្នុងប្រឡាយលេខ៦១ ហើយបន្តធ្លាក់ចូលទៅក្នុងស្ទឹង ក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោកសារុន សំបូរ បានលើកឡើងថា ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យតាមដានការអនុវត្តវិធានការកែប្រែបច្ចេកទេសលើការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់ របស់សួនឧស្សាហកម្ម JIN LU YAUN ENERGY ENVIRONMENT PROTECTION CO.,LTD ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចំនួន១២ ក្នុងស្រុកកណ្តាលស្ទឹង។

ផលប៉ះពាល់នេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា មានការបង្ហូរកាកសំណល់រាវ (ទឹកកខ្វក់) ចូលទៅក្នុងប្រឡាយទឹក និងស្ទឹង ពិសេសនៅពេលយប់ ក្នុងនោះពលរដ្ឋបានសុំអន្តរាគមន៍បន្ទាន់ពីសំណាក់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថែមទៀតផង។

មន្ត្រីក្រសួងបរិស្ថាន បានបន្តទៀតថា ក្រោយមានការស្នើសុំនេះ សម្តេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ពិសេសក្រសួងបរិស្ថាន ត្រូវចុះបន្ទាន់ ទៅដល់ទីតាំងរោងចក្រ ហើយត្រូវរកឱ្យឃើញនូវមូលហេតុដែលបង្កឱ្យទឹកមានពណ៌ក្រមៅ និងមានក្លិនស្អុយខ្លាំង ដែលមិនអាចប្រើប្រាស់ក្នុងការស្រោចស្រពផលដំណាំកសិកម្មបាន ពិសេសការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងសត្វផឹកផងដែរ។

ក្រោយការចុះពិនិត្យ ក្រុមការងារចម្រុះនៃអាជ្ញាធរខេត្ត និងស្រុកទាំង២ ដឹកនាំដោយក្រសួងបរិស្ថាន បានរកឃើញថា កាកសំណល់រាវដែលបង្ហូរចេញពីរោងចក្របោកគក់ខាងលើ ពិតជាបានបង្កឱ្យទឹកប្រឡាយ និងស្ទឹង ប្រែជាខ្មៅ និងមានក្លិនស្អុយអូសាវែល ទៅក្នុងទឹក ធ្វើឱ្យប៉ះ ពាល់ធ្ងន់ធ្ងរដល់ការប្រើប្រាស់ប្រចាំថ្ងៃ ពិសេសពលរដ្ឋក្នុងទាំង១២ ក្នុងស្រុកកណ្តាលស្ទឹង។

មូលហេតុនេះ ក្រសួង បានសម្រេចផ្អាកការបង្ហូរកាកសំណល់រាវ (ទឹកកខ្វក់) ចេញពីរោងចក្របោកគក់នេះ ជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៀបចំប្រព័ន្ធបច្ចេកទេសត្រួតពិនិត្យ និងទុកពេលឱ្យទឹកអាចវិលទៅរកសភាពដើម។ ប៉ុន្តែរោងចក្រអាច ដំណើរបានជាធម្មតា គ្រាន់តែត្រូវរៀបចំប្រព័ន្ធបច្ចេកទេសត្រួតពិនិត្យទឹកជាថ្មី៕