ភ្នំពេញ៖អ្នកនិពន្ធរបស់Galaxy លោកណុំ ចាន់រតនៈ ហៅសង្ហារ បានចេញប្រតិកម្មចំពោះហ្វេសបុកឈ្មោះEm Rathana ដែលហៅខ្លួនឯងថាឯកឧត្តមសេរីរតនា ដោយអះអាងថាបទ«កុលាបមានបន្លា » ជាស្នាដៃនិពន្ធរបស់លោកនោះថាជារឿងបោកប្រាស់ ព្រោះបុគ្គលនេះមិនមែនជាអ្នកនិពន្ធ ឬក្រុមការងាររបស់ផលិតកម្មនេះទេ ។ប៉ុន្ដែអ្នកតំណាងGalaxy មិនបានលើកឡើងពីរឿងជនដែលតាំងខ្លួនថាជាឯកឧត្តមរូបនេះប្រកាសថាលោកស្រលាញ់ និងនឹកនាងសីម៉ា ពេញបេះដូងនោះឡើយ ។ចំណែកអ្នកលេងបណ្ដាញសង្គមវិញបានលើក ឡើងថាសីម៉ា ជិតក្លាយទៅជាជំទាវហើយ ព្រោះតែមានឯកឧត្តមសារភាពស្នេហ៍លើបណ្ដាញសង្គមបែបនេះហើយ ងាយណាគេចរួចទៅ ។

តន់ ច័ន្ទសីម៉ា តែងតែថ្ងូរដូចព្រាបថា រកតែក្ដឹបសង្សារ១ធ្វើថ្នាំអត់បាន ហើយមិនដឹងជាត្រូវដោះស្រាយយ៉ាង ណាទេ ព្រោះម៉ែចេះតែបង្ខំឲ្យរៀបការប្ដី ឥឡូវអាយុ២៦ឆ្នាំ បាត់ ស្រាប់តែពេលនេះមានជនតាំងខ្លួនជាឯកឧត្តមសុំស្នេហានាងនៅលើបណ្ដាញសង្គមនោះនាងបែជាព្យាយាមរក្សារភាពស្ងៀមស្ងាត់ទៅវិញ ។ប៉ុន្ដែគេជឿថារឿងនេះគ្មានអ្វីដែលចម្លែកខ្លាំងសម្រាប់សីម៉ា នោះទេ ព្រោះកន្លងមកក៍ធ្លាប់លេចឭថាមានលោកឧកញ៉ាពោះម៉ាយតាមស្នេហានាងដែរ ហេតុនេះបើឯកឧត្តមផង ឧកញ៉ាផង រាយអន្ទាក់ស្នេហ៍ដាក់នាងបែបនេះ គេជឿរតំណែងជំទាវពិតជាមិននៅឆ្ងាយពីកណ្ដាប់ដៃស្រីស្រស់រូបនេះឡើយ ប៉ុន្ដែរឿងដែលសំខាន់ថាតើសីម៉ា យកប្ដីជាឧកញ៉ា ឬឯកឧត្តម ?

តន់ ច័ន្ទសីម៉ា មិនអាចទាក់ទងបានទេកាលពីថ្ងៃទី២០ ធ្នូ ព្រោះតាំងពីឡើងកូដមកនាងមិនដែលលើកទូរស័ព្ទនិងផ្ដល់សម្ភាសន៍ដល់អ្នកកាសែតតាមទូរស័ព្ទឡើយ ។យ៉ាងណានៅចុងឆ្នាំ២០២៤ នេះគេនៅតែមើលឃើញថានាងសីម៉ា ត្រូវបានថៅកែលើកជាតួឯករបស់ផលិតកម្មGalaxy ដដែល ព្រោះស្រីស្រស់បន្ដធ្វើជាដៃគូរបស់លោកព្រាប សុវត្ថិ តទៅទៀតហើយពេលលោកឧកញ៉ាស្នាយ ចេញបទណាគឺមានតែរូបនាងទេ ដែលជាតារាស្រីផលិតកម្មនេះបានច្រៀងCover មុនគេដូចជាបទ«សែកមន្ដ » និងបទ«កុលាបមានបន្លា »ជាដើម ។ប៉ុន្ដែមជ្ឈដ្ឋានមហាជនមើលឃើញថានាងសីម៉ា មិនសូវមានការគាំទ្រច្រើនទេនារយៈពេលចុងក្រោយនេះ ព្រោះតែFan មួយចំនួនមិនពេញចិត្តនាងដែលចេញមុខការពារថៅកែនិងអ្នកនយោបាយយ៉ាងសកម្មតែម្ដង រហូតមានខ្លះព្រមានធ្វើពហិការ លើបទចម្រៀងនាងទៀតផង។

គួរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ មានស្ទីលច្រៀងស្រដៀងគ្នាទៅនិងអ្នកនាងខាត់ សុឃីម ពោលគឺប្រើសម្លេងស្អកហើយច្រៀងបទកន្រឹ្ទមបានពិរោះដូចគ្នា ។នាងជាតារាស្រីតែម្នាក់គត់ដែលថៅកែលើកដល់ចំណុចកំពូលព្រោះតារាប្រុសលំដាប់ជូរមុខទាំង៣នាក់គឺព្រាប សុវត្ថិ ,ខេម និងខេមរៈ សិរីមន្ដ គឺជាដៃគូរបស់នាងតែម្នាក់គត់នៅGalaxy ហេតុនេះបើនាងសីម៉ា មិនល្បីទើបជារឿងចម្លែក ។យ៉ាងណាអតីតអ្នកស្មូតលេខ១ ប្រចាំខេត្តតាកែវរូបនេះក៍ធ្វើឲ្យអ្នកដឹកនាំប្រគុំតន្ត្រីមិនតិចទេដែលឈឺក្បាលដោយសារតែនាងព្រោះតែផលិតកម្មដាក់តម្លៃខ្ពស់ពេក ពួកគេអត់មានលទ្ធភាពជួលនាងទៅច្រៀង ធ្វើឲ្យសីម៉ា បាត់មុខពីឆាកទូរទស្សន៍នៅStudio សឹងតែទាំងស្រុងតែម្ដង។តែនាងសីម៉ា ដែលសារភាពថាខ្លួនបានកែច្រមុះ ,តចង្កា និងពត់ធ្មេញ រូបនេះអាជីពនឹងប្រឈមហានិភ័យភ្លាមភ្លែត ប្រសិនបើGalaxy ហ៊ានទិញតារាស្រីជើងខ្លាំងរូបណាមកប្រជែងនាងដោយឲ្យចាប់ដៃគូជាមួយតារាប្រុស៣ដួងខាងលើ ។


ក្រៅពីនាងតន់ ច័ន្ទសីម៉ា ដែលពិបាកគេចរឿងឯកឧត្តម និងឧកញ៉ាតាមប្រម៉ាញ់ព្រហ្មចារីមានតារាជាច្រើនមកហើយបានក្លាយខ្លួនទៅជាជំទាវ ដោយសារចាញ់ឥទ្ធិពលដុល្លារប្រុសឋានៈទាំងពីរខាងលើ។ចំណែកស្រីស្រស់តូចតន់សីម៉ា វិញបើនាងមិនព្រមបង្ហាញគូស្នេហ៍ពិតជាចំ ហើយបន្ដDrama ថាអត់ភួយសាច់បែបនេះទៀត ច្បាស់ជាមានឯកឧត្តម និងឧកញ៉ា ចេញមុខសុំស្នេហ៍លើហ្វេសបុកថែមទៀតជាមិនខាន ៕


