ខេត្តកំពង់ចាម ៖ ត្រីរាជ ដ៏ធំ១ក្បាល ត្រូវបានប្រជានេសាទប្រទះឃើញងាប់អណ្តែតតាមខ្សែទឹកហូរ មកទើរនៅត្រង់ទីតាំងមាត់ទន្លេ មួយកន្លែង ទើបប្រញាប់រាយការណ៍ជូនអាជ្ញាធរ និងជំនាញរដ្ឋបាលជលផល ចុះមកពិនិត្យភ្លាមៗ។

ករណីប្រទះឃើញត្រីរាជ ងាប់អណ្តែតទឹកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិកោះប្រាក់ក្នុង ឃុំកោះទន្ទឹម ស្រុកកំពង់សៀម។
លោកលី ស៊្រី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមស្តីទី បានបញ្ជាក់ប្រាប់ថា ក្រោយពីបានទទួលព័ត៌មានពីអាជ្ញាភូមិកោះប្រាក់ ក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ស្តីពីករណីប្រជានេសាទបានប្រទះឃើញត្រីរាជ ១ក្បា ល ងាប់អណ្តែតមកទើរច្រាំងទន្លេ ត្រង់ចំណុចខាងលើ រួចមក ខណ្ឌរដ្ឋបាលជលផល បានបញ្ជូនមន្ត្រីចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែងភ្លាមៗ ។

លោកនាយខណ្ឌរដ្ឋបាលជលផល ឱ្យដឹងបន្តថា ស្របពេលដែលកម្លាំងជំនាញរបស់លោកទៅដល់ទីតាំងជាក់ស្តែង ប្រទះឃើញសពត្រីរាជ មានសល់ស្លាកសញ្ញា២ គឺ ទី១-លេខ TAG#3033 និងទី២លេខ W.O.M 071 50 71 555 មន្ត្រីជំនាញបានបញ្ជូនទិន្នន័យនេះទៅរដ្ឋបាលជលផល ដើម្បីទទួលបានព័ត៌មានលម្អិត ។ បន្ទាប់មករដ្ឋបាលជលផល បានផ្តល់ព័ត៌មានមកវិញថា ត្រីរាជ ភេទឈ្មោល មានប្រវែង ២២២សង់ទីម៉ែត្រ និងមានទម្ងន់ ១៣១គីឡូក្រាម។ ត្រីរាជនេះ ត្រូវបានចាប់និងលែងនៅទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

បន្ទាប់ពីទទួលបានការណែនាំពីថ្នាក់លើ មន្ត្រីជំនាញបានរៀបចំជីដីកប់សពត្រីរាជនេះ នៅកន្លែងកើតហេតុតែម្តង។ ជាមួយនោះ ស្ថាប័នជំនាញសូមអំពាវនាវដល់ពលរដ្ឋនេសាទ តាមដងទន្លេ បើនេសាទបានត្រីរាជ នៅចំណុចណាមួយ មានស្លាកសញ្ញាសម្គាល់ សូមមេត្តាលែងចូលក្នុងទន្លេវិញ ដើម្បីអភិរក្ស កុំយកមកទទួលទាន។សូមបញ្ជាក់ថា ត្រីរាជ ១ក្បាលនេះ ពេលដែលប្រជានេសាទ នេសាទបាន ក៏ប្រស់ទុក ដោយឃើញមានស្នាមរបួសត្រង់ស្រកី ហើយកម្លាំងជលផល បានដាក់ស្លាកសញ្ញា រួចក៏លែងចូលទៅក្នុងទឹកទន្លេវិញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ ត្រីរាជនេះ ដោយសារតែមានស្នាមរបួស ទើបប្រភេទត្រីកញ្ជ្រូក បានចូលទៅតាមស្រកី ជាហេតុធ្វើឱ្យឈាមហូរច្រើន បណ្តាលឱ្យងាប់តែម្តង៕