ភ្នំពេញ ៖ បុរសម្នាក់ ស្រវឹងស្រា បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលទៅបុករថយន្តសណ្តោងរ៉ឺម៉កកុងតឺន័រ ១គ្រឿង ដែលចតស្ងៀមនៅលើផ្លូវ ចំពីក្រោយ បណ្តាលឱ្យរថយន្តខូចខាតផ្នែកពីមុខយ៉ាងធ្ងន់ ចំណែកអ្នកបើកបរ មិនមានរបួសអ្វីធ្ងន់នោះទេ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ២១៧ ទល់មុខក្រុមហ៊ុនស្រាបៀរកម្ពុជា ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-7276 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកុងរថយន្តកុងតឺន័រសណ្តោងរ៉ឺម៉ក ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A- 7335 ដែលចតស្ងៀមនៅលើផ្លូវ ចំពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្ត TUNDRA ខ្ទេចស្រុញផ្នែកខាងមុខ និងផ្ទុះពោងសុវត្ថិភាព ព្រមទាំងធ្វើឱ្យបុរសជាអ្នកបើកបរ របួសស្រាល ហើយត្រូវបានសមត្ថកិច្ចឃាត់យកប្រគល់ឱ្យផ្នែកជំនាញចរាចរណ៍។ រីឯខាងរថយន្តកុងតឺន័រសណ្តោង រងការខូចខាតដែកកាងក្រោយគួរសម តែអ្នកបើកបរបានគេចបាត់។

ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿង ដែលរងការខូចខាត ត្រូវបានសមត្ថកិច្ចជំនាញ វាស់វែង ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំដោះស្រាយនៅពេលក្រោយ៕