ខេត្តបាត់ដំបង៖ កម្លាំងជំនាញអាវុធហត្ថ និងមន្ត្រីជំនាញ បានបើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃវល្លិរមៀត មួយកន្លែង ក្នុងភូមិសាស្ត្រស្រុកសំឡូត ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ចំនួន៣នាក់។
ប្រតិបត្តិការបង្ក្រាបទីតាំងសិប្បកម្មកែច្នៃវល្លិរមៀតនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចសៃឡូ ក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ឱ្យដឹងថា កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្រុករតនមណ្ឌល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានឆ្មក់ចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃវល្លិរមៀតខុសច្បាប់ មួយកន្លែង ស្ថិតនៅត្រង់ចំណុចសៃឡូ ក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ យុទ្ធនាការបង្ក្រាបនេះ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនបុរសជនជាតិចិន ចំនួន៣នាក់ នៅនឹងកន្លែង។
ដោយឡែកវត្ថុតាងដែលពាក់ព័ន្ធក្នុងការដកហូត រួមមាន សាក់សឺរ ចំនួន ១គ្រឿង ម៉ាស៊ីនកិនវល្លិរមៀត ចំនួន២គ្រឿង ម៉ាស៊ីនភ្លើង ១គ្រឿង ម៉ូតូ ១គ្រឿង ព្រមទាំងម្សៅចម្រាញ់ពីវល្លិរមៀតមួយចំនួនផងដែរ។
បទល្មើសជាក់ស្តែងខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ បានអនុវត្តវិធានការប្រគល់ទាំងមនុស្ស ក៏ដូចជាវត្ថុតាង ទៅឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធីបន្ត៕