ខេត្តបន្ទាយមានជ័យ ៖ រថយន្តទួរីស ១គ្រឿង មានដឹកសត្វពពែ ជាច្រើនក្បាល កំពុងបើកបរតាមផ្លូវសុខៗ ស្រាប់តែឆ្លងចរន្ត បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមនោះ អ្នកបើកបររថយន្តបានព្យាយាមរំដោះបានសត្វពពែ ចេញមកក្រៅបានមួយចំនួនធំ នៅសល់ តិចតួច ត្រូវងាប់ក្នុងភ្នក់ភ្លើង រីឯរថយន្ត ត្រូវភ្លើងឆេះអស់ស្ទើរទាំងស្រុង។

ករណីភ្លើងឆេះឡានដឹកពពែលីនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវព្រាវ ស្ថិតភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
តាមប្រភពប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទួរីស ១គ្រឿង មានដឹកសត្វពពែ ជាច្រើនក្បាល បានធ្វើដំណើរចេញពីឃុំអូរបីជាន់ ក្នុងទិសដៅទៅឡើងផ្លូវជាតិលេខ៥ នៅពេលដែលកំពុងបើកបរ ស្រាប់តែមានផ្សែងហុយចេញពីផ្នែកខាងក្រោមកាប៊ីនរថយន្ត រួចបង្កជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ខណៈនោះអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ទៀត បាននាំគ្នាបើកទ្វាររថយន្ត ទាញសត្វពពែចេញបានមួយចំនួនធំ និងមួយចំនួនតូចជួយមិនទាន់ ហើយសត្វពពែខ្លះទៀតរត់ចេញមករួច។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ថា ពួកគាត់មានការអាណិតសត្វពពែពេលដឹកតាមរថយន្តទួរីស ចេញពីព្រំដែន ត្រូវបានគេច្រកបាវ ទុកតែក្បាលចេញមកខាងក្រៅ ហើយដាក់ក្នុងរថយន្តទួរីស ២ជាន់ លើនិងក្រោម ដែលមានសត្វពពែ មិនតិចជាង៥០ ទៅ៦០ក្បាលនោះទេ។ លុះពេលមានភ្លើងឆាបឆេះរថយន្ត ជួយបានមួយចំនួនធំ នៅសល់មួយចំនួនដែលជួយមិនទាន់ ត្រូវភ្លើងឆេះងាប់ក្នុងរថយន្ត។

អ្នកបើកបររថយន្ត បានបញ្ជាក់ថា មូលហេតុដែលអគ្គិភ័យឆាបឆេះរថយន្ត អាចបណ្តាលមកពីឆ្លងចរន្តភ្លើង ហើយគាត់ជួយពពែយកចេញបានមួយចំនួនធំ នៅសល់មួយចំនួនតូច យកចេញមិនបាន ហើយមានសត្វពពែខ្លះ រត់ចេញរួចដោយខ្លួនឯង។ ចំណែករថយន្ត ត្រូវភ្លើងឆេះអស់ស្ទើរទាំងស្រុង៕

