ភ្នំពេញ៖បទ«ឃើញនំកង នឹកដល់ម៉ែ » និពន្ធទំនុក និងMelody ដោយលោកដូត សុខា (ឆ្មាព្រៃ) ដែលនិ យាយពីជីវិតរបស់លោកណាវ៉ាត់ត្រា ត្រូវបានសរសេរឡើងរួចរាល់ហើយ គឺនៅតែធ្វើភ្លេង និងថតសម្លេងប៉ុណ្ណោះ ។តាមលោកណាវ៉ាត់ត្រា បានឲ្យដឹងថាបទនេះនិយាយពីខ្សែជីវិតពិតរបស់លោកដែលរស់នៅកំព្រាឪពុកតាំងពីតូចហើយមានម្ដាយកម្សត់របស់លោកជាអ្នកចិញ្វឹមបីបាច់ថែរក្សារតាំងពីលោកនៅក្រហមរហូតធំពេញវ័យ ។លោកថាម្ដាយខ្លួនបានដើរតួនាទីជាម៉ែផង ឪផង ចិញ្ចឹមកូនប្រុសស្រី៥នាក់ រយៈពេល៣៥ឆ្នាំ តែម៉ែបានលាចាកចោលកូនៗកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ហើយកូនៗទើបតែធ្វើបុណ្យខួបជូនម្ដាយគម្រប់៧ថ្ងៃរួចរាល់កាលពីថ្ងៃទី២១ ខែធ្នូ ប៉ុន្ដែចិត្តលោកនៅតែដក់ជាប់ចិត្តនឹកស្រណោះអាលោះអាល័យម្ដាយគ្រប់ពេលទើបផលិតបទនេះឡើង នឹងត្រៀមច្រៀងដោយខ្លួនឯងនាពេលដ៍ខ្លីខាងមុខនេះ ។



សូមបញ្ជាក់ថាលោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ធ្លាប់ជាក្មេងទួលនំកងលក់តាមបេនឡាន ខេត្តបាត់ដំបងកាល លោកនៅតូច តែតស៊ូរហូតរៀនចប់ថ្នាក់បរិញ្ញាបត្រជំនាញខាងធនាគារ ដោយមានម្ដាយគាំទ្រលើកទឹកចិត្តពីក្រោយខ្នង ។ប៉ុន្ដែឧបាសិកាញេប ឡេង បានលាចាកលោកទៅហើយក្នុងអាយុ៦៦ឆ្នាំ ដោយជំងឺរបេង ,សួត និងទឹកនោមផ្អែម …។លោកណាវ៉ាត់ត្រា ថាអ្វីដែលលោកស្ដាយបំផុតនោះគឺសន្យាថានឹងនាំម្ដាយទៅដើរកម្សាន្ដនៅប្រទេសជិតខាងពេលណាជីវភាពបានប្រសើបន្ដិច តែពេលនេះមានតែវប្បដិសារី ព្រោះម្ដាយបានចាកចោលកូនៗជារៀងរហូត។



លោកថាបានសាងផ្នួសជាសាមណេរ(នេន)រយៈពេល៣ថ្ងៃ(១៨ ដល់២០ធ្នូ )ដើម្បីសងគុណ ម្ដាយ ហើយក្រោយពីបានធ្វើបុណ្យគម្រប់ខួប៧ថ្ងៃជូនម្ដាយរួចរាល់ពេលនេះលោកបានមកដល់ភ្នំពេញវិញហើយ នឹងបន្ដ ចូលធ្វើការជាមេកាខារ៉ាអូខេGoal Palace KTV ដូចធម្មតាវិញ ក្រោយពីបានសុំច្បាប់មេលោក រយៈពេលខ្លីដើម្បីរៀបចំធ្វើបុណ្យឲ្យម្ដាយតាមប្រពៃណីខ្មែរ ។លោកណាវ៉ាត់ត្រា ទោះជាលោកនៅកាន់ទុក្ខម្ដាយមែន តែពីថ្ងៃទី២៣ ធ្នូ នេះទៅ លោកចាប់ផ្ដើមធ្វើទាំងការងារសិល្បៈ និងក្រៅសិល្បៈដូចធម្មតាឡើងវិញ ។ចំណែកបទ««ឃើញនំកង នឹកដល់ម៉ែ» នោះលោកថាបទនេះមិនត្រឹមតែជាសាច់រឿង និងខ្សែជីវិតពិតរបស់លោកនោះទេ ប៉ុន្ដែវាក៍ជាសារដាស់តឿនទៅប្អូនៗចំពោះការគោរពតបស្នងអ្នកមានគុណ ឬ«ធ្វើបុណ្យ ទាន់ខែភ្លឺ » ផងដែរ ៕



