ភ្នំពេញ ៖ ក្មេងប្រុសជាសិស្សសាលា ១ក្រុម បានធ្វើសកម្មភាពដេញវាយតប់គ្នាផ្អើលពេញមុខវិទ្យាល័យជាស៊ីម សន្ធរម៉ុក ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួន ៣នាក់ យកទៅអប់រំណែនាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួន ក្មេងប្រុស០៣នាក់ ករណីវាយគ្នា ប្រព្រឹត្តនៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ផ្លូវលេខ១២៨ ក្រុមទី២ ភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាំយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១។
ក្មេងប្រុសទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះខាន់ ចិន្តាឡាវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ទី២-ឈ្មោះយ៉ែម លីម៉េង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៧ អនុវិទ្យាល័យ អូរបែកក្អម ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងទី៣-ឈ្មោះមាឃ ភាណាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី 12J វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៥៧៥ ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីសាកសួរ គឺពួកគេធ្លាប់ស្គាល់គ្នា ហើយក្មេងប្រុសទាំង២ក្រុម បានសំណូមពរសមត្ថកិច្ចមិនធ្វើការ ប្តឹងចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ ដោយមូលហេតុជាការយល់ច្រឡំគ្នា។ ម៉្យាងវិញទៀត ភាគីទាំង២ ក៏គ្មានរបួសទាំងសងខាងនោះឡើយ ទើបសមត្ថកិច្ចបានឱ្យអាណាព្យាបាលមកធ្វើការធានាយកទៅផ្ទះវិញរៀងៗខ្លួន៕