ភ្នំពេញ ៖ បុរសម្នាក់ ជាសន្តិសុខ បានបើករថយន្តរបស់ភ្ញៀវ ចេញទៅចាក់សាំង ស្រាប់តែជ្រុលទៅបុកទម្លុះចូលហាងចិន មួយកន្លែង បណ្តាលឱ្យរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ តាមបណ្តោយផ្លូវសបិទ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាសន្តិសុខម្នាក់ ត្រូវបានភ្ញៀវជនជាតិចិន ប្រើឱ្យបើករថយន្តរបស់ខ្លួន ម៉ាក KIA Carnival ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN -8638 ចេញពីក្លឹបកម្សាន្តមួយកន្លែង ដើម្បីយកទៅចាក់សាំង ដោយបើកបរធ្វើដំណើរតាមបណ្តោយផ្លូវសបិទ ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះជ្រុលទៅខាងឆ្វេងដៃ បុកទម្លុះចូលហាងមួយកន្លែង យីហោ ស្ប៉ាឆ្នេរមាស បណ្តាលឱ្យរងការខូចខាត បែកកញ្ចក់អស់ចំនួនមួយផ្ទាំង ចំណែករថយន្ត ខូចខាតផ្នែកខាងមុខ កល់ជាប់នៅមុខហាង ទៅមុខលែងរួច។

នៅក្នុងហេតុការណ៍ មិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈដូចជាកញ្ចក់ទ្វារហាង និងរថយន្ត។

ក្រោយកើតហេតុ មានតំណាងខាងរថយន្ត បានមកធ្វើការសម្របសម្រួលជាមួយនឹងភាគីម្ចាស់ហាង ដោយភាគីខាងរថយន្ត បានជួយចេញថ្លៃការខូចខាតសម្ភារៈ ទៅឱ្យខាងម្ចាស់ហាង ដើម្បីបញ្ចប់រឿង៕

