Wednesday, December 25, 2024
Homeតារាខ្មែរសុវត្ថិ -សិរីមន្ដៈ ព្យាយាមលួងលោមFan ព្រមគ្នា !

សុវត្ថិ -សិរីមន្ដៈ ព្យាយាមលួងលោមFan ព្រមគ្នា !

ភ្នំពេញ៖ព្រាប សុវត្ថិ​ បានចេញបទកម្សត់ ស្នេហាខូចចចិត្ត «បំផ្លាញបេះដូង » ក្រោយមានភាព​ចម្រូង​ចម្រាសបទ«សែកមន្ដ » ដែលនេះគឺជាយុទ្ធសាស្រ្ដថ្មី ច្រៀងស្ទីលចាស់របស់ខ្លួនធ្លាប់​តែ​ជោគជ័យជាច្រើនបទនៅហង្សមាស ។តែយ៉ាងណានៅតែមានការរិះគន់ថាព្រាប សុវត្ថិ អាយុ​៤៩ឆ្នាំ រូបនេះហាក់គ្មានគោលការណ៍ច្បាស់ លាស់ ក្នុងការចេញបទចម្រៀង ព្រោះ​ជាង​៤ឆ្នាំ​ចុងក្រោយនេះបទចម្រៀងលោកពិបាកស្ដាប់ ខណៈពេលខ្លះការតែងខ្លួននិងម៉ូតសក់​ពិបាក​មើល ដូចជាឆាកខ្លះគេច្រឡំលោកស្លៀកសំពត់ឡើងច្រៀងទៀតផង ស្របពេលការ​ច្រៀង​បទ​ស្លូវវិញគុណ​ភាពបទលោកនៅតែមិនដល់បទនៅ​ផលិត​កម្ម​ចាស់ទេ ។ប៉ុន្ដែគេចាំមើលថា​ដើម្បី​គេចចេញពីគេវាយប្រហារនៅលើបណ្ដាញសង្គមលោកសុវត្ថិ នឹងបន្ដច្រៀងបទស្ទីល​ចាស់ៗ​របស់លោកជាង១០ឆ្នាំ ឡើងវិញរហូត ឬក៍គ្រាន់តែចេញមួយប្រាវ ដើម្បីទប់ទល់ស្ថាន​ការណ៍​មិនល្អលើខ្លួននាពេលថ្មីៗនេះ ។

គេកត់សម្គាល់ថាការងាកមកលេងស្ទីលចាស់របស់ព្រាប សុវត្ថិ នាពេលនេះគឺចំ​ពេល​ដែលខេមរៈ សិរីមន្ដ ក៍បានវិលមកច្រៀងបទកម្សត់ៗវិញដែរហើយថ្មីៗនេះលោកថៃ ទទួល​បាន​ការគាំទ្រគួរសមតាមរយៈបទ«ដាច់ឆ្នាំសល់អ្វីខ្លះ?» ។លោកសិរីមន្ដ បានដើរដល់ចំ​ណុច​ទាល់ពេលមកឈរជើងនៅGalaxy ព្រោះច្រៀងបទអីក៍អ្នកលេងបណ្ដាញសង្គមចេញជេរ ក្រោយ​ពីតារាវ័យ៣៩ឆ្នាំ រូបនេះចេញមុខការពារថៅកែនិងថាអត់ស្គាល់មុខឧកញ៉ា​ណាកាប់​ឈើលក់ ទើបធ្វើឲ្យអ្នកលេងហ្វេសបុកបតិកម្មនិងដៀមដាមលោកថៃ ចំៗមិនធ្លាប់​មានពីមុន​មក។តែលោកថៃ បានចេញបទដែលធ្វើឲ្យអ្នកខ្លះលែងចង់ស្ដាប់​ចម្រៀងលោក​នោះ​ចាប់​អា​រម្មណ៍​ម្ដងទៀតនោះគឺការច្រៀងបទដូចអំឡុងពេលលោកច្រៀងនៅU2 និងសាន់​ដេ​ដែល​ធ្លាប់​ទទួលបានការគាំទ្រច្រើន ។

 មជ្ឈដ្ឋានមហាជនមើលឃើញថាព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ មិនត្រឹមតែចង់ស្ដារកេរ្ដិ៍​ឈ្មោះ​ឡើងវិញ និងចង់ឲ្យមានការគាំទ្រពួកគេដូចច្រៀងនៅផលិតកម្មចាស់នោះទេ ប៉ុន្ដែការ​វិលមកច្រៀងបទស្លូវព្រមគ្នានេះគឺជាសញ្ញានៃការប្រជែងប្រជាប្រិយភាពរបស់តារាទាំងពីរនៅចុងឆ្នាំ២០២៤ នេះដែរ ថា១ណាខ្លាំងជាង បើទោះជាពេលនេះពួកគេមិន​សូវបង្ហាញឲ្យឃើញ​ចំៗនៃ​ការ​ដណ្ដើមគ្នាយក​លេខ១យ៉ាងតឹងតែងបំផុតដូចកាលនៅហង្សមាស៣ឆ្នាំ(២០១៧-២០២០) ជាមួយគ្នាក្ដី តែតារា​ទាំងពីរគ្មាន១ណាចង់ធ្វើជាតួរងទេ ។ប្រសិនបើថៅកែGalaxy មិនលើកតារាទាំងពីរឲ្យស្មើ​ឬប្រ​ហាក់ប្រហែលគ្នាទេ នោះប្រាកដជានឹងមានតារាណា​ម្នាក់ដើរ​ចេញជាមិន ហេតុនេះ​បើមាន​ម្នាក់​ណាផ្ទុះបទ១ ត្រូវតែតារា១ទៀតចេញបទខ្លាំង​ព្រមគ្នាដែរ​ទើបអាចនៅសុខ ។

 ព្រាប សុវត្ថិ នឹងផុតកុងត្រានៅGalaxy នាដំណាក់កាលដំបូងនៅខែ៨ឆ្នាំ២០២៥ ខាង​មុខ​នេះ ហើយមិនទាន់មានការចរចាកុងត្រាថ្មីនោះទេ ។ប៉ុន្ដែគេជឿថាលោកឧកញ៉ាស្នាយ នឹងបន្ដច្រៀងនៅផលិតកម្មនេះតទៅទៀត ព្រោះថាកូនប្រុសទាំងពីររបស់លោកសុវត្ថិ មុនី​វណ្ណ និងសុវត្ថិ សិរីវុឌ្ឍ កំពុងតែឈរជើងនៅទ្រនុំជាមួយឪពុករបស់គេដែរ ហេតុនេះគ្មានហេតុ​ផលណាដែលលោកសុវត្ថិ ត្រូវដើរចោលកូនប្រុសទាំងពីរឡើយ ។

 សម្រាប់លោកខេមរៈ សិរីមន្ដ វិញទើបមកដល់Galaxy ជិត២ឆ្នាំទេ ហេតុនេះកុងត្រា​លោក​នៅសល់៣ឆ្នាំទៀត ។ថ្វីត្បិតតែសិរីមន្ដ មិនទាន់នាំកូនប្រុសចូលGalaxy ដូចព្រាប សុវត្ថិ មែន ប៉ុន្ដែលោកប៊ុនថៃ ដែលអះអាងថារាប់អានថៅកែផលិតកម្មនេះដូចបងប្អូននោះ នឹងអាច​ផ្ញើរខ្លួននៅផលិតកម្មនេះច្រើនឆ្នាំតទៅទៀត ព្រោះដំណឹងលោកបើកផលិតកម្មផ្ទាល់ខ្លួន​តាំង​ពីឆ្នាំ២០១៧ នោះ​ត្រូវស្ញប់ស្ងាត់ទៅវិញហើយ។

 ទស្សនិកជនលើកឡើងថាព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ នឹងមិនអាចគេចផុតពីការជេរ​ប្រមាថ​នៅលើបណ្ដាញសង្គមបានទេ ប្រសិនបើលោកនៅតែចេញការពារថៅកែនិង​អ្នកន​យោ​បាយដូចមុន ទោះជាពេលនេះតារាកូន៣ទាំង៣ ព្យាយាមលួងចិត្តFan តាមរយៈការដឹកដៃគ្នា​ច្រៀង​​បទ​បែបកម្សត់ៗជាថ្មី ដូចពួកគេធ្លាប់ជោគជ័យនៅផលិតកម្មចាស់ក្ដី ក៍គេសង្កេតឃើញ​ថា​អ្នកលេងបណ្ដាញសង្គមមួយចំនួននៅតែមិនទាន់ពេញចិត្តពួកគេដូចមុនទេ ៕

RELATED ARTICLES