ភ្នំពេញ ៖ អតីតតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា ដែលធ្លាប់រះចែងចាំងលើវិថីសិល្បៈ កាលពីជាង ១០ឆ្នាំមុន បន្ទាប់ពីបានធ្លាក់ខ្លួនបាត់បង់អស់ទ្រព្យសម្បត្តិ បែកបាត់ទាំងស្វាមី សាពូន មីដាដា ទៀតផងនោះ ពេលនេះបានសម្រេចចិត្តបើកមុខរបរថ្មី (លក់ត្រីងៀត សាច់គោងៀត សច់ក្រក) តាមបណ្តាញសង្គម ដើម្បីរកប្រាក់មកទប់ទល់ជីវភាពដែលកំពុងតែជួបការលំបាក រស់ទាំងត្រដាបត្រដួស។ ជាមួយការចាប់មុខរបរថ្មីនេះ អតីតតារាសម្តែងល្បីឈ្មោះរូបនេះ បានពោលពាក្យអាណិតខ្លួន ដែលធ្លាក់ខ្លួនពីតារាឯកភាពយន្តល្បីឈ្មោះ មកលក់ត្រងៀត យ៉ាងកម្សត់។


គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ អ្នកនាង សឿ សុធារ៉ា បានបង្ហោះរូបភាពចាស់ៗរបស់ខ្លួនកាលនៅល្បីឈ្មោះបោះសំឡេងលើវិថីសិល្បៈ និងរូបថតរបស់ខ្លួនបច្ចុប្បន្ន លក់សាច់គោងៀតនិងត្រីងៀត ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា “ឱឈ្មោះជាតារាភាពយន្តឯក ដ៏ឧត្តមនៃខ្ញុំអើយ! ប៉ុន្តែពេលនេះ….. បងប្អូនទាំងអស់គ្នា ដើម្បីជីវភាពប្រចាំថ្ងៃ ហើយដើម្បីចិញ្ចឹមកូនៗ នាងខ្ញុំសម្រេចចិត្តថា លក់សាច់គោងៀត ត្រីងៀត ក្រកគោ សូមបងប្អូនជាទីគោរពស្រលាញ់រាប់អាន មេត្តាជួយទិញនាងខ្ញុំផង…”។

ជាមួយគ្នានេះ សឿ សុធារ៉ា ក៏បានបង្ហោះវីដេអូផ្សាយផ្ទាល់ (ឡាយ) លក់ត្រីងៀត និងសាច់គោងៀត (ត្រីងៀត ១គីឡូ ៥០០០០រៀល សាច់គោងៀត ១គីឡូ ៨០០០០រៀល)។

បន្ទាប់ពីបានឃើញការប្រកាសបើកមុខរបរថ្មីរបស់អ្នកនាងសឿ សុធារ៉ា អតីតតារាឯកភាពយន្ត ក្លាយជាអ្នកលក់ត្រងៀតនេះមក មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រអតីតួឯកភាពយន្តរូបនេះ បានចូលទៅខម្មិនផ្តល់កម្លាំងចិត្ត និងជួយកុម្មង់ទិញ សាច់គោងៀត ត្រីងៀត និងសាច់ក្រកគោ ជាហូរហែផងដែរ។

គួរបញ្ជាក់ថា អតីតតារាសម្តែង សឿ សុធារ៉ា បានជួបរឿងទុក្ខសោកក្នុងជីវិតផ្ទួនៗ ជាបន្តបន្ទាប់ ក្រោយពីបែកបាក់ស្វាមី បាត់បង់ម្តាយ និងបងស្រី រហូតធ្លាក់ខ្លួនកើតមានបញ្ហាសតិអារម្មណ៍ ត្រូវលេបថ្នាំជាប់ជាប្រចាំ និងថែមទាំងបានបាត់បង់ឪពុកថែមម្នាក់ទៀត រហូតធ្លាក់ខ្លួនគ្មានផ្ទះសម្បែងជ្រក លោកខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌ សព្វថ្ងៃជាតំណាងរាស្ត្រ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្តល់ប្រាក់ជំនួយ ចំនួន២ម៉ឺនដុល្លារ ឱ្យយកទៅទិញផ្ទះបុរីម៉ន ដានី ដើម្បីបានស្នាក់នៅសព្វថ្ងៃ។


សូមរំលឹកថា សឿ សុធារ៉ា ដែលធ្លាប់ថតភាពយន្តតាំងពីតូច បានសម្រេចចិត្តចូលរៀបការជាមួយអតីតតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស លោកសាពូន មីដាដា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០០៩ ខណៈដែលនាងកំពុងឈរលំដាប់តារាភាពយន្តដ៏លេចធ្លោជួរមុខម្នាក់។ ប៉ុន្តែក្រោយបែកបាក់ស្វាមីមក អ្នកនាងសឿ សុធារ៉ា ដែលទទួលបានកូនប្រុសស្រីទាំង២ មកគ្រប់គ្រង បានចាប់ផ្តើមផុងខ្លួនក្នុងមុខជំនួញ ពិសេសគឺតុងទីន ដោយត្រូវបង់សងជំនួសកូនៗ រហូតជិត១០ម៉ឺនដុល្លារ ដែលធ្វើឱ្យជីវិតរបស់នាងធ្លាក់ដល់បាត ងងឹតសូន្យឈឹង រលាយអស់ទាំងទ្រព្យសម្បត្តិ ផ្ទះធំទ្រនំខ្ពស់ ។ លើសពីនេះទៅទៀត ក្រោយពីម្តាយទទួលមរណភាព កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សូម្បីប្រាក់ធ្វើបុណ្យសពម្តាយក៏គ្មាន រហូតសឿ សុធារ៉ា ចាប់ផ្តើមមានសភាពវង្វេងស្មារតី រហូតស្ទើតែបាត់បង់ការចងចាំ ទម្រាំអាចពង្រឹងខ្លួនចាប់របររកស៊ីលក់ត្រងៀត សាច់គោងៀត តាមអនឡាញ នៅពេលនេះ ដើម្បីចិញ្ចឹមកូនស្រីប្រុសទាំង២នាក់ ដូចពេលនេះ៕ ដារិទ្ធ




