ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាលួច ឆក់ ប្លន់ និងគាស់ផ្ទះប្រជាពលរដ្ឋ ១សម្បុកធំ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ សរុបចំនួន២២នាក់ នាំយកទៅចាត់ការតាមច្បាប់ និងបានយកមកបង្ហាញមុខជាសារណៈរួមគ្នា កាលព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមាន ការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយអធិការដ្ឋានទាំង១៤ តែងតែចុះល្បាតពួនស្ទាក់ជាប្រចាំ ក្នុងមូលដ្ឋានដើម្បីបង្កាទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីរក្សាឱ្យបាននូវគោលនយោបាយភូមិ-សង្កា ត់មាន សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។

ប្រភពដដែល បន្តថា រយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលមានជ័យ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញ និងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការបង្ក្រាបក្រុមជនសង្ស័យ សរុបចំនួន២២នាក់ ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា មានដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋជាដើម។

ប្រភពខាងលើ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង២២នាក់ គឺមានជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីធាក់ប្លន់និងឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមនីតិវិធី។

ចំពោះជនសង្ស័យផ្សេងៗទៀត ត្រូវបានអធិការដ្ឋានខណ្ឌដែលជាម្ចាស់ករណី រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕
