ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បន្លំខ្លួនជាបុគ្គលិកការ៉ាស់លាងរថយន្ត ១កន្លែង ឆ្លៀតឱកាសល្អ ធ្វើជាជួយរីយ៉ែរថ យន្តនៅទីនោះ លុះពេលម្ចាស់រថយន្តប្រគល់សោឱ្យគ្រាន់បើកចូលទៅលាង បែរជាលួចរថយន្តគេ បើកយកទៅប្លុងចោលនៅការ៉ាស់មួយផ្សេងទៀត រួចខ្ចីម៉ូតូបុគ្គលិកនៅទីនោះ ជិះគេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចកន្លែងលាងរថយន្ត យីហោ Car Spa ស្ថិតតាមបណ្តោយផ្លូវ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានជនរងគ្រោះជាម្ចាស់រថយន្ត ម៉ាក Starex ពាក់ស្លាកលេខ ភ្នំពេញ 2BA-4431 បានឱ្យដឹងថា មុនកើតហេតុ គាត់បានយករថយន្តមកលាងនៅការ៉ាស់លាងរថយន្ត Car Spa រួចចុះពីលើរថយន្ត បានហុចសោឲ្យជនសង្ស័យម្នាក់ នឹកស្មានតែបុគ្គលិក។ តែចុងក្រោយ ពេលលាងរថយន្តយូរពេក ក៏មកសួរ ទើបដឹងថាបុរសដែលទទួលសោរថយន្ត មិនមែនជាបុគ្គលិកលាងរថយន្តទេ ទើបបង្កការភ្ញាក់ផ្អើលថា ចោរលួចរថយន្ត ហើយរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត ដើម្បីស្រាវជ្រាវរករថយន្តខាងលើ។
ប្រភពដដែល បន្តថា លុះមួយសន្ទុះក្រោយមក មានដំណឹងថា ជនសង្ស័យ បានបើករថយន្តដែលលួចនេះ ទៅប្លុងចោលនៅការ៉ាស់មួយទៀត មានយីហោ ឆាយហ៊ាង រួចហើយជនសង្ស័យបានប្រើល្បិចទុករថយន្ត ហើយខ្ចីម៉ូតូបុគ្គលិកការ៉ាស់ ឆាយហ៊ាង ជិះគេចខ្លួនបាត់តែម្តង។
តាមប្រភព បានបញ្ជាក់ថា ជនរងគ្រោះបានហុចសោរថយន្តឱ្យជនសង្ស័យ ដោយស្មានតែបុគ្គលិកលាងរថយន្ត តែការពិតជនសង្ស័យនោះ បានមកសុំថៅកែការ៉ាស់ លាងរថយន្ត ដើម្បីសុំការងារ តែថៅកែមិនឱ្យធ្វើ ទើបឈរនៅមុខការ៉ាស់នោះ រង់ចាំឱកាសល្អ ក៏ធ្វើសកម្មភាព បន្លំលួចយករថយន្តភ្ញៀវ ១គ្រឿង ទៅបាត់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងនាំជនរងគ្រោះដែលជាម្ចាស់ម៉ូតូ ទៅដាក់ពាក្យបណ្តឹង ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកចាត់ការតាមច្បាប់៕