ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ បានបង្ហោះព័ត៌មាន (Live Video) តាមបណ្តាញទំនាក់ទំនងសង្គម ដោយចោទ ប្រកាន់ទៅលើមន្ត្រីនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ ថា “អារករាស្ត្រទាំងរស់” បន្ទាប់ពីបានធ្វើការផាកពិន័យខ្លួន ករណីបើកបរហួសល្បឿនកំណត់ ដោយពិន័យជាប្រាក់ចំនួន ១លាន ២សែនរៀល។ តែករណីនេះ ត្រូវបានសមត្ថកិច្ចច្រានចោល ដោយអះអាងថា ស្រ្ដីខាងលើ បានបើកបរលើសល្បឿនកំណត់ 110Km/h ត្រូវផាក ពិន័យ ១៥ម៉ឺនរៀល ដោយចេញប័ណ្ណពិន័យជូនសាមីខ្លួនត្រឹមត្រូវ មិនដូចការចោទប្រកាន់ថាផាកពិន័យទៅ១លាន២សែនរៀលនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nam Ping House បានបង្ហោះព័ត៌មាន Live Video តាមបណ្តាញទំនាក់ទំនងសង្គម មានរយៈពេលជាង ៦នាទី ដោយអះអាងថា ខ្លួនត្រូវបានមន្ត្រីនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ ចាប់ល្បឿន និងផាកពិន័យ ជាប្រាក់ចំនួន១លាន ២សែនរៀល ដោយគ្មានការលើកលែង ឬសម្របសម្រួលសោះ ដែលករណីនេះ ស្ត្រីជាម្ចាស់គណនីខាងលើ បានចោទប្រកាន់ទៅលើសមត្ថកិច្ចថា “អារករាស្ត្រទាំងរស់”។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុក ខាងលើ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់នៅកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា ថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Nam Ping House បានសរសេរនិងបង្ហោះព័ត៌មាន Live Video តាមបណ្តាញទំនាក់ទំនងសង្គម មានរយៈពេលជាង ៦នាទី៤៨វិនាទី លើបណ្តាញសង្គម ក្នុងនោះក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានពិនិត្យខ្លឹមសាររួម គឺផ្តោតសំខាន់លើមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។
ការចុះផ្សាយនិងបង្ហោះជាសាធារណៈនៅក្នុងបណ្តាញសង្គម បានបង្កនូវការលើកឡើងជាមតិយោបល់ពីមហាជន ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម វាយតម្លៃប្រកបដោយភាពអវិជ្ជមានចំពោះកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងខណៈដែលពួកគាត់មិនបានយល់ច្បាស់ចំពោះអង្គហេតុ និងទិដ្ឋ ភាពជាក់ស្តែងនៃសកម្មភាពពិតប្រាកដ ហើយបានបង្កនូវការយល់ច្រឡំពីមជ្ឈដ្ឋានទូទៅ។
ចំពោះការចុះផ្សាយខាងលើ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងអស់ ឱ្យបានជ្រាបថា ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីយើង បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបានដាក់ Camera ចាប់ល្បឿន នៅគីឡូម៉ែត្រលេខ ១៥៥-១៥៦ គោលដៅឃាត់ត្រួតពិនិត្យនៅគីឡូម៉ែត្រលេខ ១៦៨-១៦៩ ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍ សាត់។ លុះម៉ោង ១៣ៈ៤៤នាទីរសៀល មានរថយន្តម៉ាក Camry ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A- 9438 ទិសដៅពីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ បានបើកបរលើសល្បឿនកំណត់ 110Km/h យើងបានឃាត់រថយន្ត ដើម្បីត្រួតពិនិត្យ។
ក្រោយពីបានពិនិត្យហើយយើងឃើញថា អ្នកបើកបរ ឈ្មោះហៀង មករា ភេទស្រី កាន់ប័ណ្ណបើកបរ B.TKH. 00019872 បានប្រើប្រាស់ល្បឿនលឿនលើសកំណត់ 110Km/h ត្រូវផាកពិន័យ យោងតាមអនុក្រឹត្យ លេខ ៣៩ អនក្រ.បក របស់រាជរដ្ឋាភិបាល ចំនួនទឹកប្រាក់ ១៥០ ០០០រៀល មន្ត្រីយើងធ្វើការផាកពិន័យ ដោយចេញ ប័ណ្ណពិន័យជូនសាមីខ្លួនបានត្រឹមត្រូវ។
ពាក់ព័ន្ធនឹងគាត់និយាយថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ផាកពិន័យទឹកប្រាក់ ១ ២០០ ០០០រៀល គឺមិនពិតដូចគាត់លើកឡើងទេ។ ក្រុមការងារចុះអនុវត្តន៍ច្បាប់ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រួតពិ និត្យអ្នកបើកបរលើសល្បឿនកំណត់ លើផ្លូវជាតិលេខ៥ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ផ្លូវ។ បន្ទាប់ពីបានអនុវត្តន៍ក្នុងរយៈពេលកន្លងមក យើងសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថមថយ ហើយមានការសាទរពីប្រជាពលរដ្ឋផងដែរ ។ ស្នងការដ្ឋាននគរ បាលខេត្តពោធិ៍សាត់ សូមបដិសេធនូវខ្លីបវីដេអូនៃការចុះផ្សព្វផ្សាយដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក កំពុងអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក៕