ខេត្តបាត់ដំបង ៖ តូបលក់ចាប់ហួយ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយមូលហេតុបណ្តាលមកពីការទុស្សេខ្សែចរន្តអគ្គិសនី និងបង្កការខូចខាតគិតជាទឹកប្រាក់ប្រមាណជាង ៤០លានរៀល។ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចតូបលក់ចាប់ហួយមួយកន្លែង ស្ថិតក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា តូបលក់ចាប់ហួយខាងលើ មានទំហំ ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ ធ្វើពីដែកប្រក់ស័ង្កសី ជារបស់ឈ្មោះទឿប វិត ភេទប្រុស អាយុ៣៦ឆ្នាំ។
របាយការណ៍ដដែល បានបន្តថា អីវ៉ាន់ចម្រុះនៅក្នុងតូបនោះ ត្រូវភ្លើងឆេះអស់ទាំងស្រុង ដោយម្ចាស់មិនអាចរំដោះបានអ្វីទេ ដោយសារមិនអាចចូលអន្តរាគមន៍ជួយពន្លត់ភ្លើងដ៏សន្ធោសន្ធៅនោះបានឡើយ រីឯរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច ក៏មិនអាចចេញអន្តរាគមន៍ទាន់ ពេលដែរ។

ពាក់ព័ន្ធករណីអគ្គិភ័យនេះ តាមការបញ្ជាក់ពីម្ចាស់តូបចាប់ហួយខាងលើ បានឱ្យដឹងថា ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) នៅក្នុងតូប។
ម្ចាស់តូប បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ពេលនោះគាត់មិនអាចចូលទៅរំដោះទំនិញនៅក្នុងតូបបានអ្វីបន្តិចទេ ព្រោះភ្លើងឆេះខ្លាំងពេក។ ដោយឡែកទំហំនៃការខូចខាត ត្រូវបានជនរងគ្រោះអះអាងថា ខាតបង់ជាទឹកប្រាក់ប្រមាណជាង ៤០លានរៀល។

ជុំវិញប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ១គ្រឿង ចុះជួយអន្តរាគមន៍ភ្លាមៗ តែមិនអាចចូលជួយបាញ់ទឹកបានទេ ព្រោះស្ថានផ្លូវចូលទៅកាន់កន្លែងកើតហេតុ មានសភាពតូចចង្អៀត និងទទួលដំណឹងអគ្គិភ័យនេះមានការយឺតយាវ ទើបតូបលក់ដូរនោះ ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង តែពុំបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ៕

