ខេត្តកណ្តាល ៖ យុវតីម្នាក់ បានសុំឪពុកម្តាយចេញទៅដើរលេងជាមួយមិត្តភក្តិ រួចក៏បាត់ខ្លួនរហូត មិនឃើញវិលត្រឡប់មកផ្ទះវិញ ធ្វើឱ្យឪពុកម្តាយភ័យឆោឡោ តាមរកសព្វកន្លែងនៅតែមិនឃើញ ក៏ប្រកាសហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។
យុវតីដែលបាត់ខ្លួន មានឈ្មោះឌី សម្ភ័ស អាយុ១៦ឆ្នាំ មានឪពុកឈ្មោះសុ ភា ម្តាយឈ្មោះយឹន សុចន្ទ័ និងមានលំនៅក្នុងភូមិព្រែកថី (លូទី១) សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ យុវុតីរូបនេះ បានចេញបាត់ពីផ្ទះ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញត្រឡប់មកផ្ទះវិញនៅឡើយ។
តាមប្រភពឪពុកម្តាយរបស់យុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ កូនស្រីរបស់គាត់ ឈ្មោះឌី សម្ភ័ស បានសុំពួកគាត់ជាឪពុកម្តាយ ដោ យប្រាប់ថា ចេញទៅដើរលេងជាមួយមិត្តភក្តិ លុះក្រោយពីពួកគាត់អនុញ្ញាត កូនស្រីរូបនេះ បានចេញពីផ្ទះបាត់រហូតតែម្តង មិនឃើញត្រឡប់មកវិញ លុះដល់វេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃដដែល នៅតែមិនឃើញកូន ស្រីមកផ្ទះវិញ ពួកគាត់ព្យាយាមទាក់ទងទូរស័ព្ទទៅសួរនាំ តែទាក់ទងមិនបានសោះ មិនដឹងកូនស្រីមានរឿងអ្វីនោះទេ។
ឪពុកម្តាយរបស់យុវតីខាងលើ បានអំពាវនាងដល់កូនស្រី បើបានដឹងដំណឹងនេះហើយ សូមកូនវិលត្រឡប់មកផ្ទះវិញ ព្រោះប៉ាម៉ាក់កំពុងព្រួយួបារម្ភពីកូនស្រីខ្លាំងណាស់។
ជាមួយនេះ ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០៩៦ ៧៣២ ៤១ ៣៦ ដោយអនុគ្រោះ៕