ភ្នំពេញ៖លី ម៉ារីណា បានហៅកូនស្រីស្វាមីនាងលោកទៀង ច័ន្ទសារ ថាជាកូនស្រីសម្លាញ់និងចាប់អោបថើបកញ្ញាច័ន្ទ សាន់តាណា ដូចកូននាងបង្កើត នៅក្នុងថ្ងៃខួបកំណើតកាលពីចុងខែ១២ ធ្វើឲ្យលោកធិការខ័ណ្ឌដូនពេញ ញញឹមបិតមាត់មិនជិតឡើយ ។សកម្មភាពរបស់ម៉ារីណា នេះមិនត្រឹមតែធ្វើឲ្យលោកអធិការពេញចិត្តស្ដូកនោះទេ តែកូនស្រីលោកក៍ហៅម៉ារីណា ថាជា«ម៉ាក់ៗ » ដែរ ដែលពាក្យនេះហើយធ្វើឲ្យនាងមានក្ដីសុខផ្លូវចិត្តព្រោះនាងចាត់ទុកកញ្ញាសាន់តាណា ដូចកូនខ្លួន ចំណែកកញ្ញាតាណា ក៍ស្រលាញ់ពេញចិត្តនាងដូចម្ដាយគេដែរ ។
ការចេញមុខធ្វើជាម្ដាយនៅថ្ងៃខួបកំណើតកូនប្ដីនេះរបស់លី ម៉ារីណា គឺឆ្លើយតបទៅនិងលោកទៀង ច័ន្ទសារ ដែលកាលពីថ្ងៃទី២៤ កញ្ញា លោកក៍បានឈរទទួលភ្ញៀវក្នុងថ្ងៃខួបកំណើតកូនប្រុសរបស់លី ម៉ារីណា ឈ្មោះសាត ថៃសាន់ គម្រប់អាយុ១០ឆ្នាំ ដែរ ហេតុនេះហើយបានជាអ្នកសិល្បៈសរសើរម៉ារីណា និងស្វាមីថាពិតជាស្រលាញ់កូនដើមដូចជាកូនបង្កើតរបស់ខ្លួនមែន ហើយគូស្នេហ៍នេះប្រាកដជាអាចចាប់ដៃគ្នាបានយូអង្វែងជាមិនខាន ។ប៉ុន្ដែអ្វីដែលម៉ារីណា និងប្ដីកំពុងតែអន្ទះសារនោះគឺអ្នកទាំងពីរចង់បានកូនភ្លោះនៅឆ្នាំរោងនេះ តែលទ្ធផលមិនទាន់បានដូចចិត្តឡើយក្រោយរៀបការបានជាង១១ខែ ។
លី ម៉ារីណា ជាតារាម្នាក់ដែលចូលចិត្តធ្វើខួបកំណើតសឹងតែជារៀងរាល់ឆ្នាំរហូតភ្ញៀវខ្លះថាទៅខួបនាងជាលើកទី១០០ ទៀតផង។យ៉ាងណាតារាវ័យ៤៣ឆ្នាំ ដែលសម្រស់នៅតែក្មេងជាងវ័យរូបនេះហាក់បង្ហាញភាពរីករាយនិងមានក្ដីសុខខ្លាំងក្រោយក្លាយទៅជាភរិយាលោកអធិការខណ្ឌដូនពេញ ពិសេសពេលចូលកម្មវិធីអ្នកសិល្បៈនាងត្រូវបានគេហៅថា«ជំទាវៗ» ទៀតផង ដែលនេះជាការដល់ត្រោយសុខសាន្ដត្រានរបស់នាងបើទោះជាពេលនេះនាងនៅតែរកស៊ីលក់អ៊ឺវ៉ាន់តាមOnline ក្ដី តែម៉ារីណា ត្រូវបានស្វាមីផ្គាប់ចិត្ត សឹងគ្រប់យ៉ាងទាំងអស់ ក្នុងនោះសូម្បីតែនៅថ្ងៃខួបកំណើតនាងគម្រប់អាយុ៤៣ឆ្នាំ កាលពីថ្ងៃទី២៦ ខែ៦នោះក៍លោកអធិការឲ្យកាដូរថយន្ដទំនើប១គ្រឿងជូននាងដែរ ។លោកអធិការ ក៍បានប្រកាសកាលពីចុងខែ១០ ថាមួយជីវិតនេះលោក សូមផ្ដល់ក្ដីស្រលាញ់ដល់ភរិយាលោកគ្រប់វិនាទី ទៀតផងដែលពាក្យនេះជាអ្វីដែលម៉ារីណា ទន្ទឹងរងចាំនិងចង់ឭពីប្ដីនាងជាយូមកហើយ ។
សូមបញ្ជាក់ថាលី ម៉ារីណា បានបរាជ័យស្នេហា២លើក ប៉ុន្ដែនាងនៅតែមានជម្រើសល្អក្នុងគូជីវិតហើយគេកត់សម្គាល់ថានាងជាតារាតែម្នាក់ដែលបានឆ្លងកាត់គូជីវិតដោយរៀបការចំនួន៣លើកមកហើយ ។ម៉ារីណា បានបន្ធូដៃក្នុងអាជីពសម្ដែងសឹងតែ៩០ % ព្រោះ១ឆ្នាំនាងទទួលការថតភាពយន្តតែ១រឿងប៉ុណ្ណោះ ដែលបញ្ហានេះគេជឿថានោះដោយសាតែនាងចង់យកពេលវេលាច្រើនជួបជុំក្រុមគ្រួសារ ដើម្បីកុំឲ្យដើរជាន់ដានចាស់ម្ដងទៀត ។តែដើម្បីឲ្យលោកអធិការថ្នាក់ថ្នមនាងទ្វេដងនោះគឺមានតែម៉ារីណា ពពោះកូនភ្លោះឲ្យខាងតែបាននោះច្បាស់ជានាងក្លាយទៅជាព្រះនាងរបស់លោកច័ន្ទសារ ជាមិនខាន ។
ក្រៅពីលី ម៉ារីណា តារាដែលយកប្ដីពោះម៉ាយមានដូចជាអ្នកនាងហ៊ិន ច័ន្ទនីរ័ត្ន,កែវ ពេជ្រពិសី និងស៊ឹម សូលិកា ជាដើម ៕