Friday, December 27, 2024
Homeសង្គម និងជីវិតកម្ពុជា ពង្រឹងផែនការអភិរក្សសត្វក្តាន់

កម្ពុជា ពង្រឹងផែនការអភិរក្សសត្វក្តាន់

ភ្នំពេញ ៖ កម្ពុជា កំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ នៅលើពិភពលោក។

ក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ននេះ សត្វក្តាន់ ត្រូវបានចាត់ទុកជាប្រភេទកំពុងរងគ្រោះថ្នាក់ ជិតផុតពូជ នៅក្នុងបញ្ជីក្រហម នៃអង្គការសហភាពអន្តរជាតិសម្រាប់ការពារធម្មជាតិ IUCN។

ក្រសួងបរិស្ថាន បានលើកឡើងថា សត្វក្តាន់ មានវត្តមាននៅក្នុងប្រទេសកម្ពុជា ប្រមាណ១០០ក្បាល នៅក្នុងដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ នៃខេត្តក្រចេះ និងនៅតាមតំបន់ការពារធម្មជាតិមួយចំនួនទៀត នៅក្នុងភូមិ សាស្ត្រខេត្តកោះកុង។

ដើម្បីពង្រឹងការគ្រប់គ្រងនិងស្តារប្រភេទសត្វក្តាន់ តំណាងសហគមន៍តំបន់ការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធនានា បានជួបពិភាក្សាគ្នាលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ពង្រឹងការអភិរក្សនិងស្តារសត្វក្តាន់ ឆ្នាំ២០២៥-២០៣៥ នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀម រាប។

លោក ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានលើកឡើងថា ការរៀបចំផែនការសកម្មភាពសម្រាប់ការអភិរក្សនិងស្តារសត្វក្តាន់នេះ គឺស្របទៅនឹងគោលដៅរបស់យុទ្ធសាស្ត្រចក្រាវិស័យបរិ ស្ថាន ២០២៣-២០២៨ ដែលជាផែនការយុទ្ធសាស្ត្ររយៈពេលវែង ក្នុងការការពារប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ និងជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងពិភពលោក។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន បានឱ្យដឹងដែរថា ផែនការការសកម្មភាពនេះ ក៏ស្របទៅនឹងផែនការយុទ្ធ សាស្ត្រជាតិសម្រាប់ជីវៈចម្រុះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តការការពារធនធានជីវៈចម្រុះ ដូចជាប្រភេទសត្វក្តាន់ និងទីជម្រករបស់វា មិនឱ្យបាត់បង់។ ជាពិសេសការរៀបចំនៃកម្មវិធីស្តារឡើងវិញ គឺជួយធានាបាននូវការរក្សាសេនេទិចប្រភេទនេះបានគង់វង្សយូរអង្វែង៕

RELATED ARTICLES