ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញលុយដុល្លារ ចំនួន៦ដុំ (ស្មើនឹង ៦ម៉ឺនដុល្លារ) នៅក្នុងរថយន្តទំនើប ១គ្រឿង ដែលម្ចាស់បានឈប់ចតចោលនៅលើចិញ្ចើមផ្លូវ។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខអគារព្រីន ក្បែរស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌចំការមន បានកំពុងល្បាតនៅក្នុងមូលដ្ឋានសង្កាត់បាសាក់ បានប្រទះឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Mazda CX-9 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា HUAQI.CO បានចតនៅលើផ្លូវ ខណៈនោះសមត្ថកិច្ចបានចុះដើរទៅមើល ដើម្បីប្រាប់ម្ចាស់រថយន្តកុំឱ្យចតនៅផ្លូវ ស្រាប់តែប្រទះឃើញប្រាក់ដុល្លារ ចំនួន៦ដុំ (ស្មើនឹង ៦ម៉ឺនដុល្លារ) ទើបបង្កភ្ញាក់ផ្អើល និងឈររង់ចាំស្វែងរកម្ចាស់រថយន្ត។

ប្រភពដដែល បន្តថា បន្ទាប់ពីមានការសាកសួររកឃើញម្ចាស់រថយន្តមក ជនជាតិបរទេស ជាម្ចាស់រថយន្តខាង លើ បានបញ្ជាក់ប្រាប់ថា គាត់នឹកស្មានថា ខ្លួនបានយកលុយទុកក្នុងកាបូបរួចហើយ លុះឆែកមើល រកមិន ឃើញ ក៏មានអារម្មណ៍ភ័យតក់ស្លុតដែរ តែពេលចុះពីលើខុនដូ មករកមើលវិញ ក៏ប្រទះឃើញមានសមត្ថកិច្ចនៅឈរក្បែរឡាន ជួយយាមលុយរបស់គាត់ ទើបបាត់ភ័យវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានអប់រំណែនាំទៅកាន់ម្ចាស់រថយន្ត សូមមេត្តាបង្កើននូវការប្រុងប្រយ័ត្ន ត្រូវពិនិត្យរបស់របរឱ្យបានត្រឹមត្រូវ មុននឹងចាកចេញទៅណាមកណា៕