ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ក្នុងស្ថានភាពស្រវឹង រួចក៏រេចង្កូតឡើងលើចិញ្ចើមផ្លូវ និងជ្រុល ទៅបុកស្លាកសញ្ញាចរាចរណ៍ បាក់អស់១ដើម ហើយបន្តទៅបុកដើមឈើធ្នង់ បណ្តាលឱ្យខូចខាត។ ចំណែករថយន្ត រងការខូចខាតធ្ងន់ តែសំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចទល់មុខរដ្ឋសភា តាមបណ្តោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរី ហាយប៊្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0891 ធ្វើដំណើរតាមផ្លូវរដ្ឋសភា ក្នុងទិសដៅពីត្បូង ទៅជើង ដោយល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូត ឡើងលើចិញ្ចើមផ្លូវ ទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ បាក់អស់១ដើម រួចបន្តទៅបុកដើមធ្នង់ ដែលដាំនៅមុខ រដ្ឋសភាទៀត និងធ្វើឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ ទៅមុខលែងរួច។

ក្នុងហេតុការណ៍នេះ មិនមានមនុស្សរងរបួសទេ តែអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប្រគល់ឱ្យផ្នែកជំនាញចរាចរណ៍។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ពិនិត្យឃើញថាមានការខូចខាតបាក់ស្លាកសញ្ញាចរាចរណ៍ អស់១ដើម បាក់ដែកជ្រែងដើមឈើ ចំនួន១ដើម ដូច្នេះហើយក៏ប្រគល់រថយន្ត ឱ្យជំនាញចរាចរណ៍ផ្លូវគោក ស្ទូចយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕
