ភ្នំពេញ៖ខេមរៈ សិរីមន្ដ បានដឹកដៃភរិយាអ្នកនាងគួយ ផល្លី ហោះទៅចិន កាលពីពេលថ្មីៗនេះ និងបានឡើងទៅភ្នំមួយខ្ពស់ធ្លាក់សុទ្ធតែព្រិល ត្រជាក់រហូតដល់-7 អង្សារ ដែលភ្ញៀវទេសចរណ៍ភាគច្រើនស្លៀកពាក់ឈុតរោមសត្វគ្របជិតដើម្បីការពាររងា។ប៉ុន្ដែសិរីមន្ដ បែជាស្លៀកឈុតខ្លីចងសក់ឡើងលើ បង្ហាញសាច់ដុំដៃ និងក្បាលពោះ រួមទាំងសាច់កំភួនជើងណែនៗ របៀបជាមេទ័ពសម័យបុរាណ ដើរលើព្រិលដោយគ្មានខ្លាចរងារ ត្រជាលក់បន្ដិចឡើយ ជាមួយដៃឆ្វេងកាន់ទងជាតិខ្មែរ និងថាដើម្បីផ្សាយពីវប្បធ័ម និងទេសចរណ៍ទោះស្ថិតក្នុងស្ថានភាពបែបណា ក៍យើងនៅតែឆ្លៀតធ្វើបានដែរ ។ ដោយឡែកភរិយាសិរីមន្ដ អ្នកស្រីគួយ ផល្លី វិញ ថ្លែងថា«ត្រជាក់ខ្លាំងប៉ុណ្ណាក៍Idol ខ្ញុំស៊ូទ្រាំបានដែរ »។Fan មួយចំនួនសរសើរពីការលះបង់របស់លោកថៃ ប៉ុន្ដែបែជាមានអ្នកខ្លះថាសកម្មភាពនៃការស្លៀកពាក់របស់សិរីមន្ដ ហាក់ឆ្គង ឬភ្លាវមិនស៊ីទៅតាមពេលវេលាជាក់ស្ដែងទៅវិញ ។
តារាសម្ដែងរូបស្រស់បូរមី បានបញ្ចេញយោបល់ដោយហួសចិត្តទាក់ទងខេមរៈ សិរីមន្ដ លេងឈុតមេទ័ពសម័យបុរាណដើរលើព្រិលទឹកកកនៅលើភ្នំមួយនៅចិននោះថា«ពេលទៅភ្នំទឹកកកអូនពាក់ប៊ីគីនី ដល់ពេលទៅNew York ខែក្ដៅអូនពាក់អាវធំរោមចៀម មិចម៉ាទេ » ។
ការលើកឡើងរបស់ស្រីស្អាតបូរមី នេះនាងចង់បញ្ជាក់ថាខេមរៈ សិរីមន្ដ ស្លៀកពាក់អត់ត្រូវទៅតាមពេលវេលាសោះ ពោលគឺផ្ទុយពីមនុស្សទូទៅដែលគេប្រើឈុតនីមួយ២ឲ្យស្របតាមកាលៈទេសៈ ។ការថ្លែងរបស់កញ្ញាបូរមី នេះដែរធ្វើឲ្យគេនឹកឃើញដល់សិរីមន្ដ ដែលទៅច្រៀងនៅអាមេរិកក្នុងព្រឹត្តិការណ៍ Cambodia Today ផលិតផលខ្មែរនៅUnion Square នៅរដ្ឋSan Francisco ,Ca នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលគ្រប់គ្នាក្ដៅសឹងតែបែកក្បាលនោះលោកបែជាស្លៀកពាក់ឈុតរោមចៀមដើរលេងដូចកំពុងតែត្រជាក់ខ្លាំងណាស់អីចឹង ប៉ុន្ដែឥឡូវពេលនាំប្រពន្ធឡើងភ្នំមួយនៅចិន ដែលត្រជាក់ដល់ទៅ-7 អង្សា លោកបែជាព្រលែងសាច់ទៅវិញ ដែលសកម្មភាពរបស់សិរីមន្ដ នេះធ្វើឲ្យFan ខ្លះតាមមិនទាន់និងឡើងវិលក្បុងតែម្ដង ។ប៉ុន្ដែអ្វីដែលគេសរសើរលោកថៃ នោះគឺលោកបានកាន់ទង់ជាតិខ្មែរឡើងលើភ្នំដែលកំពុងធ្លាក់ព្រិលខ្លាំងនោះបាន ហេតុនេះទោះជាលេងឈុតមិនស្របទៅនិងអកាសធាតុក៍មិនជាបញ្ហាដែរ ព្រោះលោកថៃចង់បញ្ជាក់ថាលោកតស៊ូពុះពាឧបស័គ្គដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ ឲ្យគេស្គាល់។
គួរបញ្ជាក់ថាខេមរៈ សិរីមន្ដ ជ្រកនៅGalaxy ជិត២ឆ្នាំហើយដែលទៅដល់ទ្រនុំថ្មីនេះភ្លាមលោកអុកឡុកទីផ្សារចម្រៀងសឹងតែធ្វើឲ្យតារាប្រុសនៅផលិតកម្មនេះពិបាកទប់ទល់លើកលែងតែព្រាប សុវត្ថិ ។ប៉ុន្ដែសិរីមន្ដ ហាក់ដើរដល់ផ្លូវទលច្រក ព្រោះច្រៀងបទអីក៍មានអ្នកជេរប្រទេចលើបណ្ដាញសង្គមចំៗតែម្ដង ក្រោយតារាវ័យ៣៩ឆ្នាំ រូបនេះធ្លាប់ចេញមុខយ៉ាងសកម្មការពារថៅកែ និងថាខ្លួនអត់ស្គាល់មុខឧកញ៉ាណាកាប់បំផ្លាញឈើ ហើយថាសូមឲ្យអ្នកដែលស្គាល់ឧកញ៉ាបំផ្លាញឈើនោះប្រាប់លោកផង ។ការលើកឡើងរបស់សិរីមន្ដ ខាងលើនេះហើយធ្វើឲ្យផ្ទុះការជេរប្រមាថលើលោកនិងតែងតែចេញខមិនដៀមដាមដាក់លោកជានិច្ច រាល់ពេលសិរីមន្ដ ចេញមុខLive បើទោះជាលោកចេញមុខអះអាងថាខ្លួនមិនមែនជាអ្នកនយោបាយក្ដី ។តែដោយសារតែលោកថៃ ធ្វើអ្វីក៍នៅតែមានគេចាំជេរនេះហើយទើបថ្មីៗនេះ លោកបានលួងលោមFan វិញតាមរយៈការចេញបទចម្រៀងបែបកម្សត់ៗ២បទគឺ«ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ ?» ដែលលោកសម្ដែងMV ជាកម្មករប្រមូលសំរាម និងបទ«គេងលើភ្លើង » ដែលលោកសម្ដែងMV ជាប្រុសស្រុកស្រែត្រូវប្រុសអ្នកមានប៉ែន ចំរ៉ុង ឆក់សង្សារយកទៅបាត់…។តាមរយៈ២បទនេះខេមរៈ សិរីមន្ដ ទទួលបានការគាំទ្រច្រើនគួរសមមកវិញ ហើយFan របស់លោកចង់ឲ្យលោកថៃ ចេញបទប្រភេទនេះឲ្យបានច្រើនថែមទៀត ។ប៉ុន្ដែអ្នកដៀមដាម ផ្លែផ្កា ឲ្យសិរីមន្ដ លើបណ្ដាញសង្គមនោះមិនមែនតែស្រីស្អាតបូរមី ឡើយ គឺមានជាច្រើននាក់ទៀតពិសេសពេលលោកថៃគ្រងឈុតព្រះបាទជ័យវរន្ម័នទី៧ អង្គុយលើគ្រែស្នែង មានគេសែងនៅមុខអង្គវត្តនោះ អ្នកលេងបណ្ដាញសង្គមបានសួរទៅអ្នកដឹកនាំកម្មវិធីថាតើខ្វះតួណាស់អី ?
ទាក់ទងរឿងមានអ្នកមិនពេញចិត្តលោកខេមរៈ សិរីមន្ដ ហើយខមិនផ្លែផ្កាឲ្យលោកថៃ រហូតមានអ្នកជេរមិនឈប់លើហ្វេសបុកនោះដែរលោកខេមរៈ ភារុណ ជាបងប្រុសលោកថៃ បានប្រាប់អ្នកយកព័តមានយើងថ្មីៗនេះថាលោកអត់ច្បាស់ថាពួកគេទាំងនោះប្រើគណនេយ្យហ្វេសបុកពិត ឬអាខោនក្លែងក្លាយទេ ព្រោះអត់បានតាមដាន តែលោកក៍បានដឹងពីរឿងនេះដែរ ៕