ភ្នំពេញ៖ បុរសម្នាក់ចង់ហូបសម្លកកូរត្នោតឡើងទៅកាប់ផ្លែត្នោត តោងមិនជាប់របូតដៃធ្លាក់ពីចុងត្នោតបាក់ចង្កេះសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង៩និង០៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ខដង្កោ ។
បុរសដែលធ្លាក់ពីលើដើមត្នោតមានឈ្មោះ វី វិន អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានប្រពន្ឋឈ្មោះ ដាច់ លក្ខិណា អាយុ៣០ឆ្នាំ ជាកម្មការិនីរោងចក្រ មានកូន៣នាក់ ប្រុសម្នាក់ និងស្រី២ នាក់ ។
តាមការៀបរាប់របស់ប្រពន្ឋជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុនេះប្តីរបស់គាត់សុំច្បាប់ពីសម្រាកពីការងារមួយថ្ងៃហើយប្តីទៅធ្វើបណ្ណ័ក្រីក្រនៅសាលាសង្កាត់ព្រៃស ខណៈពេលធ្វើបណ្ណរួចរាល់ហើយក៏បាននាំគ្នាមកផ្ទះវិញដល់ពាក់កណ្តាលផ្លូវក៏បានឃើញដើមត្នោតមានផ្លែក៏បាននិយាយប្រាប់ថាចង់ហូបសម្លកកូរត្នោត ។ លុះពេលដើរមកដល់ផ្ទះ ស្រាប់តែប្តីបានកាន់កាំបិតមកឡើងកាប់ផ្លែត្នោត ពេលឡើងដើមត្នោតដល់កត្នោតមិនទាន់ទាំងបានកាប់ផ្លែត្នោតផងក៏បានរបូតដៃធ្លាក់ពីលើចុងត្នោតដែលមានកម្ពស់ជាង១៥ម៉ែត្រ បណ្តាលឲ្យសន្លប់ស្តូកស្តឹង ។
បន្ទាប់ពីកើតហេតុភ្លាមត្រូវបានអ្នកជិតខាងនាំគ្នាសែងយកទៅដល់ផ្ទះហើយបានជួយ សង្គ្រោះបឋមក៏បានដឹងខ្លួនវិញ តែមិនអាចកំរើកខ្លួនបានទេ គឺបាក់ចង្កេះ ។ ក្រោយពេល កើតហេតុរថយន្តសង្គ្រោះបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៕
ណន អ៊ាត