រុស្ស៉ី ៖ កប៉ាល់ដឹកទំនិញរុស្ស៊ី ដែលរងទណ្ឌកម្មអាមេរិក បានលិចនៅសមុទ្រមេឌីទែរ៉ាណេ កាលពីយប់ថ្ងៃទី២៣ ខែធ្នូឆ្នា២០២៤ បន្ទាប់ពីមានការផ្ទុះមួយ បានកើតឡើងនៅក្នុងបន្ទប់ម៉ាស៊ីន បណ្តាលឲ្យសមាជិកនាវិក ២នាក់ បានបាត់ខ្លួន។
ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ថាកប៉ាល់ដឹកទំនិញ ឈ្មោះ យូរសា ម៉ាចូរ (Ursa Major) បានលិចនៅក្នុងដែនទឹកភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីការផ្ទុះម៉ាស៊ីន នៅពេលដែលបានធ្វើដំណើរក្នុងមហាសមុទ្រមេឌីទែររ៉ាណេ ឆ្លងកាត់ច្រកសមុទ្រហ្គីប្រាលតារ (Gibraltar) ដែលបែងចែកអឺរ៉ុប និងអាហ្វ្រិក។
មន្ត្រីរុស្ស៊ី បញ្ជាក់ថា សមាជិកនាវិក ចំនួន ១៤នាក់ នៃកប៉ាល់ដឹកទំនិញ ត្រូវបានជួយសង្គ្រោះ និងនាំយកទៅកាន់កំពង់ផែអេស្ប៉ាញ ប៉ុន្តែសមាជិកនាវិក ២នាក់ បានបាត់ខ្លួន។
គួរបញ្ជាក់ថា កប៉ាល់ដឹកទំនិញ យូរសា ម៉ាចូរ (Ursa Major) ដែលពីមុនត្រូវបានគេស្គាល់ឈ្មោះ ស្ប៉ារតា (Sparta) គឺជាកប៉ាល់ដឹកទំនិញរបស់ក្រុមហ៊ុនអូបូរ៉ុនឡូជីស្ទីកា (Oboronlogistika) ដែលដឹកជញ្ជូនទំនិញសម្រាប់ក្រសួងការពារជាតិរុស្ស៊ី ហើយក្រសួងការបរទេសសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មនៅឆ្នាំ២០២២។
ទីភ្នាក់ងារសង្គ្រោះដែនសមុទ្រអេស្ប៉ាញ បានបញ្ជាក់ថា កប៉ាល់ខាងលើនេះ បានលិចនៅសមុទ្រ រួមជាមួយនឹងការជូនដំណឹងព្រមានសម្រាប់នាវាផ្សេងទៀត ដែលធ្វើដំណើរឆ្លងកាត់ផ្លូវទឹកទាំងនេះ សូមប្រយ័ត្នចំពោះការខូចខាត និងគ្រោះថ្នាក់។
ក្រុមហ៊ុនដឹកជញ្ជូន អូបូរ៉ុន ឡូជីស្ទិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ថា កប៉ាល់ដឹកទំនិញរបស់រុស្ស៉ី ខាងលើ កំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) នៅភាគខាងកើតនៃប្រទេសរុស្ស៊ី ដើម្បីដឹកជញ្ជូនគ្រឿងចក្រស្ទូចធំៗពីរគ្រឿង ដែលនឹងប្រើក្នុងការសាងសង់កំពង់ផែ នៅទីនោះ ប៉ុន្តែ GUR ដែលជាផ្នែកស៊ើបការណ៍សំខាន់របស់អ៊ុយក្រែន បានអះ អាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី២២ ខែធ្នូ ប៉ុន្មានម៉ោងមុនពេលកប៉ាល់លិចថា វាត្រូវបានគេនិយាយថា កប៉ាល់ខាងលើ បានធ្វើដំណើរឆ្ពោះទៅប្រទេសស៊ីរី ដើម្បីផ្លាស់ទីអាវុធ និងឧបករណ៍ចេញពីទីក្រុងកំពង់ផែ តារទុស (Tartus) ដែលគ្រប់គ្រងដោយរុស្ស៊ី បន្ទាប់ពីក្រុមឧទ្ទាមបានផ្ដួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាស្ហារ អាល់-អាសសាដ (Bashar al-Assad) ដោយជោគជ័យ។
អ៊ុយក្រែន ក៏អះអាងដែរថា កប៉ាល់នេះ បានជួបប្រទះបញ្ហាក្នុងអំឡុងពេលធ្វើដំណើរ ដោយកប៉ាល់បានបាក់ ពេលធ្វើដំណើរមកដល់នៅឆ្នេរប្រទេសព័រទុយហ្គាល់ ប៉ុន្តែក្រុមនាវិកបានដោះស្រាយបញ្ហា ហើយបន្តដំណើររបស់ពួកគេ មុនពេលកប៉ាល់បានលិច៕