Monday, February 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ូតូឯងចាស់ ដូរយកម៉ូតូគេថ្មី ជាប់ខ្នោះ

ម៉ូតូឯងចាស់ ដូរយកម៉ូតូគេថ្មី ជាប់ខ្នោះ

ខេត្តប៉ៃលិន  ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូសង់ ស៊េរីចាស់ ១គ្រឿង ពីស្រុកបាណន់ គោលបំណងដើរធ្វើ សកម្មភាពលួច លុះគាប់ជួនប្រទះឃើញម៉ូតូ ១គ្រឿង ចតចោលមុខផ្ទះ ដោយមិនបានដកសោចេញ ក៏ទុកម៉ូតូកញ្ចាស់របស់ខ្លួនចោល ឡើងជិះម៉ូតូថ្មីរបស់គេ ចេញទៅបាត់ លុះម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ខ្លួនជនសង្ស័យបាន នាំយកមកចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលក់កាមេរ៉ាសុវត្ថិភាព ១កន្លែង ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវឿត វ៉ន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិសំរោងឃុំស្នឹង ស្រុកបាណន់។

តាមប្រភពម្ចាស់ម៉ូតូ ឈ្មោះលី ម៉េងជីង បានរៀបរាប់ប្រាប់ថា  មុនពេលកើតហេតុ គាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ស្លាកលេខ ប៉ៃលិន 1D-5761  មកឈប់នៅខាងមុខផ្ទះ រួចចូលទៅក្នុងផ្ទះ ដើម្បីយកសម្ភារៈ ទៅតកាមេរ៉ាសុវត្ថិភាពឱ្យគេ ដោយមិនបានដកសោចេញពីម៉ូតូនោះទេ។  លុះចូលបានបន្តិច ឃើញមានជនសង្ស័យម្នាក់ ឡើងជិះម៉ូតូរបស់គាត់ ចេញទៅបាត់ តែជនសង្ស័យបានទុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-0045 នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ ហើយភ្លាមនោះ បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចជំនាញក៏ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ដោយរូបគេជិះម៉ូតូស៊េរីចាស់ ១គ្រឿង តាមផ្លូវ លុះគាប់ជួនប្រទះឃើញម៉ូតូថ្មី មានសោជាប់ម៉ូតូស្រាប់ ក៏ឈប់ម៉ូតូរបស់ខ្លួន ទុកចោល រួចឡើងជិះម៉ូតូគេ រត់គេចតែម្តង។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES