ទីផ្សារអចលនទ្រព្យ៖ ទីផ្សារផ្ទះថ្មីក្រុងសៀងហៃប្រទេសចិនបានបន្តកើនឡើងយ៉ាងខ្លាំងក្លាកាលពីសប្តាហ៍មុន ដែលជាសញ្ញាមួយនៃការរើបឡើងវិញទាំងស្រុងនៅពេលខាងមុខតួយ៉ាងខែក្រោយនេះតែម្តង ។
ក្រុមហ៊ុនផ្តល់ប្រឹក្សាអចលនទ្រព្យ Shanghai Centaline Property Consultants Co បានឲ្យដឹងនៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះថាការលក់លំនៅឋានថ្មីដែលមិនរាប់បញ្ចូលលំនៅឋានតម្លៃសមរម្យក្រោមការជួយទំនុកបម្រុងរបស់រដ្ឋាភិបាលបានកើនឡើង២០,៤%ឬស្មើនឹង៩៣.០០០ម៉ែត្រក្រឡាក្នុងអំឡុងពេល៧ថ្ងៃដែលបានបញ្ចប់ត្រឹមថ្ងៃអាទិត្យមុននេះ ។
លំនៅឋានថ្មីទាំងនោះលក់ចេញក្នុងតម្លៃជាមធ្យម៤៨.៩០០យន់(៧.១១១ដុល្លារ)ក្នុងមួយម៉ែត្រក្រឡាកើនឡើង១,១%ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
លោក Lu Wenxi អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកស្រាវជ្រាវនៅ Centaline បានថ្លែងថាទីផ្សារបាននិងកំពុងរើបឡើងយ៉ាងខ្លាំងក្នុងការបោះជំហានលើសពីកម្រិតមធ្យមដែលស្ថិតក្នុងការរំពឹងទុករបស់យើង។
មួយវិញទៀតបរិមាណនៃការផ្គត់ផ្គង់នៅពេលខាងមុខ ជាពិសេសការផ្គត់ផ្គង់ផ្ទះល្វែងចាប់ពីកម្រិតមធ្យមដល់កម្រិតទាប ហើយការបោះជំហានរបស់បណ្តាក្រុមអភិវឌ្ឍន៍ដែលបានបង្ហាញឲ្យឃើញនោះគួរតែមានកត្តាសំខាន់២ដែលអាចជួយសម្រេចថាការរើបឡើងវិញនាពេលថ្មីៗនេះគួរតែអាចទ្រទ្រង់រួច។
ទិន្នន័យរបស់ Centaline បង្ហាញថាមានលំនៅឋានថ្មីប្រមាណជា១១៩.០០០ម៉ែត្រក្រឡាត្រូវបានលក់ចេញក្នុងស្រុក កើនឡើង៩៤,៦%ធៀបនឹងសប្តាហ៍មុន។ ភាគច្រើននៃលំនៅឋានថ្មីទាំងនោះគឺមានទីតាំងស្ថិតនៅតំបន់នៅឆ្ងាយពីមជ្ឈមណ្ឌលក្រុងដូចជាតំបន់ Nanhui និង Songjiang ដែលមានតម្លៃមិនលើសពី៤០.០០០យន់ឡើយក្នុងមួយម៉ែត្រក្រឡា។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា