ភ្នំពេញ ៖ ក្មេងទំនើងឈាមរាវ ចំនួន៣នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិប តេយ្យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីបង្ហោះម៉ូតូនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចមុខតូបលក់កាហ្វេ មួយកន្លែង ម្តុំច្រកចូលហាងតាសេត ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ក្មេងទំនើងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះគឹម សុជាតិ ភេទប្រុស មុខរបរដឹកអនឡាញ Wow Now ស្នាក់នៅផ្ទះ 240E ផ្លូវវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ទី២-ឈ្មោះគឹម រតនា ហៅស្នា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងទី៣-ឈ្មោះខុម ភាត្តារយុទ្ធ ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល តាមផ្លូវពេទ្យសត្វ សង្កាត់ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើង ចំនួន៣នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធា រណៈ នៅចំណុចមុខតូបលក់កាហ្វេមួយកន្លែង ម្តុំច្រកចូលហាងតាសេត ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ក្មេងទំនើងទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធី៕