ភ្នំពេញ ៖ លោករុត កូ (Ruth Ko) តារារ៉េបល្បីឈ្មោះ និងជាគណៈកម្មការមួយរូបក្នុងកម្មវិធី Rapper Fighter បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ត្រូវថយន្ត ១គ្រឿង បត់ឆ្លងផ្លូវ ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ចំណុចមុខច្រកចូលបុរីប៉េងហួត ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះដាវីឌ ឫទ្ធិរូទ្រ ហៅ Ruth Ko ភេទប្រុស អាយុ២៥ឆ្នាំ (ឆ្នាំកំណើត២០០០) ជាតារាចម្រៀងរ៉េប និងជា Couch (គ្រូបង្វឹក) ក្នុងកម្មវិធី Rapper Fighter ស្នាក់នៅផ្ទះលេខ 49-51 ផ្លូវលេខ១៦៨ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងមានស្រុកកំណើតផ្ទះលេខ២៥០ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកអ្នកបើកបររថយន្ត មានឈ្មោះណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថ មានលំនៅ ផ្ទះជួល លេខ២៧ ផ្លូវលេខ១០ បុរីប៉េងហួត ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៤៧៧១ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើង ទៅត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុ ខាងលើ បានបត់ឆ្វេងឆ្លងផ្លូវបំណងចូលបុរីប៉េងហួត រួចជ្រុលទៅបុកជាមួយម៉ូតូ ១គ្រឿង ម៉ាក TVS HONDA CRF ពណ៌ខ្មៅ ពាក់ស្លាក លេខ បាត់ដំបង 1AL-9616 បើកបរដោយបុរសម្នាក់ ជាតារារ៉េប លោក រុត កូ (Ruth Ko) ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ចំពីមុខរថយន្ត ពេញទំហឹង បណ្តាលឱ្យជនរងគ្រោះជាអ្នកជិះម៉ូតូ ផ្លោងទៅបុកកញ្ចក់រថយន្តផ្នែកខាងមុខ រួចធ្លាក់ចុះមកលើថ្នល់វិញ ស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ គេឃើញវត្តមានសាច់ញាតិ មិត្តភក្តិ ពិសេសអ្នកសិល្បៈរួមអាជីព ព្រមទាំងកូនក្រុមដែលជាបេក្ខជនក្នុងកម្មវិធីប្រឡងចម្រៀង Rapper Fighter បានចុះមកដល់ទីតាំងកើតហេតុ និងបានស្រែកទ្រហោ យំទាំងរន្ធត់ចិត្តគ្រប់ៗគ្នា។

បន្ទាប់ពីធ្វើការវាស់វែងរួច សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ធ្វើការវាស់វែង រួចអូសយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រា យតាមនីតិវិធី។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ថា បុរសជាអ្នកបើកបររថយន្តឈ្មោះណឹម ណាង ត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបានត្រួតពិនិត្យឃើញថា អ្នកបើកបររថយន្តបង្កហេតុ មិនមានជាតិអាល់កុលក្នុងខ្លួននោះទេ៕