ភ្នំពេញ ៖ យុវជនម្នាក់ កំពុងអង្គុយលើម៉ូតូ តាមផ្លូវ រង់ចាំសង្សារ ស្រាប់តែលេចមុខជនសង្ស័យ១ក្រុម ប្រដាប់ដោយមួកសុវត្ថិភាព និងកាំបិតប៉័ងតោ បានស្ទុះចេញពីគុម្ពោតព្រៃ ធ្វើសកម្មភាពវាយជនរងគ្រោះទម្លាក់ពីលើម៉ូតូ និងកាប់ប្លន់ម៉ូតូ ជិះគេចខ្លួនបានប្រមាណជាង ១០ម៉ោង ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់ នាំយកទៅចាត់ការតាមច្បាប់។
ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅចំណុព្រៃមាត់ស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះអុល ប្រុសកា ហៅខ្មៅ អាយុ២៥ឆ្នាំ(មានសារធាតុញៀន) និងទី២-ឈ្មោះលុច រ័ត្ន អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោជាមួយគ្នា (មានសារធាតុញៀន)។ ចំណែកវត្ថុតាងដកហូតបាន រួមមាន ដាវកែច្នៃប្រវែង ០,៦២ម៉ែត្រ ចំនួន១ដើម ម្សៅក្រាមពណ៌សថ្លា ចំនួន២ថង់តូច និងម៉ូតូ ១គ្រឿង ម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ គ-៧៥៩៦ ភព១ (ម៉ូតូចាស់)។
ដោយឡែក យុវជនរងគ្រោះ មានឈ្មោះផេង វុទ្ធី អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិអម្ពិលទឹក ឃុំសំបូរមាស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រីឯម៉ូតូដែលបាត់បង់ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KD-9094។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ យុវជនរងគ្រោះខាងលើ បានជិះម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KD-9094 ចេញពីម្តុំស្ពានម៉ាឡេ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ ទៅឈប់នៅត្រង់ចំណុចមុខដីឡូត៍គ្មានលេខ ស្ថិតនៅតាមផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រង់ចាំជួបសង្សារដែលធ្វើការខារ៉ាអូខេ ១កន្លែង នៅក្បែរនោះ លុះពេលកំពុងអង្គុយចាំសង្សារនៅលើម៉ូតូ ស្រាប់ តែលេច មុខជនសង្ស័យ ចំនួន២នាក់ ក្នុងនោះម្នាក់កាន់មួកសុវត្ថិភាព និងម្នាក់ទៀតកាន់កាំបិតប៉័ងតោ បានដើរចេញពីគុម្ពោតព្រៃនៅក្បែរផ្លូវ៥០ម៉ែត្រ សំដៅទៅរកជនរងគ្រោះ បន្ទាប់មកបានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយក្បាលជនរងគ្រោះ ពីក្រោយ បណ្តាលឱ្យធ្លាក់ពីលើម៉ូតូ រួចដេញកាប់ជនរងគ្រោះថែមទៀត ប៉ុន្តែយុវជនរងគ្រោះរត់រួច និងរត់ចោលម៉ូតូ ដោយមិនបានដកកូនសោម៉ូតូទៅជាមួយឡើយ និងបានស្រែកថាចោរ!ៗដែរ តែពុំមាននរណាជួយនោះទេ។
ប្រភពដដែល បន្តថា បន្ទាប់មកជនសង្ស័យក៏បានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនចូលទៅក្នុងទីលានចាក់ សំរាមបាត់ ហើយក្រោយពេលកើតហេតុ យុវជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យជួយធ្វើការស្រាវជ្រាវ។ ក្រោយទទួលបានបណ្តឹងខាងលើ កម្លាំងនគរបាលខណ្ឌដង្កោក្រោមបញ្ជា និងដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ និងលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការងផ្នែកព្រហ្មទណ្ឌខណ្ឌ បានបើកការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា។ លុះដល់វេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ក៏បានចេញប្រតិបត្តិការបង្ក្រាប ពេលនោះក្រុមចោរបានព្យាយាមរត់គេចខ្លួនចូលទៅក្នុងព្រៃមាត់ស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ក៏ត្រូវបានកម្លាំងនគរបានខណ្ឌដង្កោ រួមនិងនគរបាលប៉ុស្តិ៍មួយចំនួនទៀត បានដេញតាម និងចេញពួនស្ទាក់រុករក រហូតឃាត់ខ្លួនបាន២នាក់។ ចំណែកបក្ខពួកម្នាក់ទៀត បានគេចខ្លួនបាត់។
សមត្ថកិច្ច បានបញ្ជាក់ថា ក្រុមចោរខាងលើ ជិះម៉ូតូកញ្ចាស់ ១គ្រឿង ម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិក ពាក់ ផ្លាកលេខ គ-៧៥៩៦ ភព១ ដើរធ្វើសកម្មភាពលួចនិងប្លន់ ហើយពេលប្លន់បាន យកម៉ូតូនោះទៅលាក់ទុក រួចជិះម៉ូតូដែលប្លន់បាន ទៅលក់។
ដោយឡែក ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបាន កម្លាំងសមត្ថកិច្ចជំនាញ បាននាំជនសង្ស័យទៅយកម៉ូតូគុបជ្រុង ដែលពួកនេះលាក់ទុកនៅក្នុងព្រៃមួយកន្លែង នៅជិតភូមិអន្លង់គង និងកន្លែងលាក់ដាវមួយ ទៀត នៅក្នុងព្រៃជិតភូមិបារគូ សង្កាត់ដង្កោ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្លន់យកម៉ូតូរបស់ជនរងគ្រោះខាងលើ ប្រាកដមែន។ បន្ទាប់មក បានយកទៅលក់ឱ្យអ្នកទិញ មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រមាណ៤៨ឆ្នាំ នៅម្តុំខណ្ឌទួលគោក ក្នុងតម្លៃ២០០ដុល្លារ មិនតែប៉ុណ្ណោះពួកខ្លួនធ្លាប់បានធ្វើសកម្មភាពប្លន់ ២លើករួចមកហើយ។
ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕