ភ្នំពេញ៖នៅលើឆាកតន្រ្ដីហនុមានកាលពីពេលថ្មីៗនេះតារាចម្រៀងសុខ វិបុល ហៅStep បានសារភាពស្នេហ៍ស្រីស្អាតSK ជាសាធារណៈដែលធ្វើឲ្យស្រីស្រស់អៀនឡើងនិយាយរដាក់រដុប។លោកStep ដែលជាប្អូនប្រុសរបស់ពិធីករលោកសុខ សេរីវឌ្ឍនា នោះថែមទាំងប្រកាសថាលោកបានស្រលាញ់នាងSK រយៈពេល៣ឆ្នាំមកហើយ ដែលការនិយាយចំៗបែបនេះកម្រមានតារាផ្សេងៗទៀតធ្វើដូចតារាហង្សមាសរូបនេះណាស់ ។ប៉ុន្ដែគេអាចយល់បានថានេះមិនមែនជារឿងចៃដន្យនោះទេ តែលោកStep អាចមានចេតនាចង់ឲ្យប្រុសៗទាំងឡាយបានដឹងថានាងហៀង ហៅSK មិនមែនបេះដូងនៅទំនេរឡើយ គឺមានម្ចាស់បេះដូងហើយដែលប្រុសជាអង្គរក្សបេះដូងនាងនោះជារូបលោកផ្ទាល់តែម្ដង ។គេជឿថាក្រោយលោកStep ចេញការពារផង សារភាពស្នេហ៍ផងលើស្រីស្អាតSK នេះប្រាកដជាធ្វើឲ្យប្រុសៗដែលតាមប្រម៉ាញ់បេះដូងនាងនោះអាចដកឃ្លាថយមួយជំហ៊ានវិញជាមិនខាន ព្រោះ«ស្នេហ៍មិនឈ្នះស្និត » ។ប៉ុន្ដែគេចាំមើលថាតើលោកStep អាចយកឈ្នះដុំដុល្លារដែលប្រុសអ្នកមានចង់ជះលើនាងSK បានដែរយ៉ាងណា ?


គេកត់សម្គាល់ថានាងSK បានក្លាយទៅជាស្រីស្អាតម្នាក់របស់ហង្សមាសក្រោយពីនាងរ៉េត ស៊ូហ្សាណា ដើរចេញ ហើយបើទោះជាសម្លេងនាងមធ្យមមែន តែគេចាប់អារម្មណ៍លើស្រីស្រស់រូបនេះច្រើនទើបធ្វើឲ្យនាងមានទីផ្សារស្ពតពាណិជ្ជកម្មលេចមុខជាបន្ដបន្ទាប់ បើទោះជានាងទើបហក់ចូលហង្សមាសរយៈពេលខ្លីក្ដី ។ប្រភពបានឲ្យដឹងថាក្រៅពីប្រកាសថាខ្លួនសុំស្នេហ៍ស្រីស្អាតSK មុនគេនោះ លោកStep ដែលជាអ្នកធ្វើបទចម្រៀងឲ្យនាងច្រៀងក៍មានគម្រោងឡង់សេស្រីស្រស់មួយក្រឺតទៀតតាមរយៈការថតភាពយន្ដជាមួយគ្នាដែលមានការគាំទ្រពីថៅកែហង្សមាសផងដែរ ។

សូមរំលឹកថាមិនមែនជាលើកទី១ឡើយដែលលោកStep ច្រើនតែឆ្លៀតឱកាសសារភាពស្នេហ៍ស្រីស្អាតSK លើឆាកតន្រ្ដីនោះតែជាញឹកញាប់មកហើយ ខណៈដែលពួកគេក៍តែងតែសាសងស្នេហានៅក្រៅឆាកយ៉ាងស្អិតល្មូតផងដែរ ។បញ្ហានេះលោករ៉េ អ្នកគ្រប់គ្រងផលិតកម្មGenMusix ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាវាជារឿងឯកជនរបស់ពួកគេលោកមិនអាចនិយាយរឿងនេះបានឡើយ ។

SK ត្រូវបានគេស្គាល់តាមរយៈបទ«សំខាន់ច្រើននាក់ » ,«រក្សាគម្លាត »និងថ្មីៗនេះទើបចេញបទ«ថ្ងៃមួយ» ដែលនាងចាប់ដៃគូជាមួយលោកStep ។នាងSK អាចល្បីទៅមុខ ឬនៅទ្រឹង គឺមួយផ្នែកលោកStep ជាអ្នក កំណត់ ព្រោះលោកជាអ្នកនិពន្ធទំនុកច្រៀងនិងMelody ឲ្យ គឺដូចគ្នាទៅនិងនាងទេព បូព្រឹក្ស មានម្ចាស់ស្នេ ហាងួន ចាន់ដេវីត នៅក្រោយខ្នងដែរ ។ចំណែកFan បានលើកឡើងថានាងSK មានត្រេមុខស្រដៀងទៅនិងកំពូលសម្រស់នាងJisoo សមាជិករបស់ក្រុម ចម្រៀង Blackpink ខណៈដែលលោកStep វិញនិយមតែងខ្លួន ឬខ្លះថាលោកCopy ស្ទីលរបស់តារាល្បីកូរ៉េលោកRain ហេតុនេះស្រីស្រស់ ប៉ះប្រុសរូបសង្ហារ បើក្លាយទៅជាគូស្នេហាពិតប្រាកដជាលើកគ្នាទៅវិញទៅមកជាមិនខាន ។តែអ្នកជំនាញសិល្បៈបានលើកឡើងថារយៈពេលចុង ក្រោយនេះហង្សមាសពិតជាចម្លែកមែន ព្រោះព្រលែងតារាខ្លាំងៗចេញសឹងតែអស់ តែបែជាព្យាយាមលើកស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេកនាងSK ដែលទឹកដមសម្លេងត្រឹមមធ្យមទៅវិញ ។

ក្រៅពីSK តារាដែលផាត់ចោលសំណើរស្នេហ៍មន្រ្ដីធំ តែជ្រើសប្រុសស្នេហ៍ជាតារាដូចគ្នាមានដូចជាអ្នកនាងសែម ឆវី ,ប៉ាច គីមមួយ ,ពេជ្រ សោភា ,ទេព បូព្រឹក្ស ,ម៉ានីកា ,ឈិន មុនីនាថ ,កុល ដាវី និងសួស វីសា ជាដើម ៕


