ខេត្តមណ្ឌលគិរី ៖ បុរសជាជនជាតិដើមភាគតិចព្នងម្នាក់ បានចេញទៅឃ្វាលគោ ដូចសព្វដង លុះពេលត្រឡប់មកវិញ បាត់ប្រពន្ធហើយត្រូវប្អូនថ្លៃប្រាប់ថា ឃើញប្រពន្ធរបស់គាត់ឡើងជិះឡាន ១គ្រឿង ចេញទៅបាត់ហើយ ទើបធ្វើឱ្យបុរសជាប្តីភ័យ ក៏បីកូនតូច រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដោយស្នើសុំឱ្យសមត្ថកិច្ចជួយតាមរកប្រពន្ធរបស់ខ្លួនផង។
ស្ត្រីដែលបាត់ខ្លួន មានឈ្មោះព្លោត ព្រៀប អាយុ៣២ឆ្នាំ ជាជនជាតិព្នង មានប្តីឈ្មោះព្យើក ភៀង អាយុ៣៣ឆ្នាំ ជាជនជាតិព្នង មានកូនក្នុងបន្ទុក ចំនួន៣នាក់ (ប្រុស១ ស្រី២) និងមានលំនៅក្នុងភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា។ ស្ត្រីខាងលើ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋឈ្មោះព្យើក ភៀង បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលក្រង់តេះ ករណីបាត់ប្រពន្ធឈ្មោះព្លោត ព្រៀប ដោយមិនដឹងមូលហេតុ។យោងតាមការបំភ្លឺរបស់បុរសជាប្តី ឈ្មោះព្យើក ភៀង បានឱ្យដឹងថា មុនពេលដែលប្រពន្ធរបស់គាត់បាត់ខ្លួនទៅនោះ ពួកគាត់មិនបានឈ្លោះប្រកែកគ្នាអ្វីនោះទេ ហើយនៅមុនពេលកើតហេតុ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គាត់បានចេញទៅឃ្វាលគោ នៅស្រែ ដូចសព្វដង ទើបឡើងមកដល់ភូមិវិញ នៅវេលាម៉ោង ៤រសៀល។ លុះពេលមកដល់ផ្ទះ មិនឃើញប្រពន្ធ ឃើញតែកូនរបស់គាត់ ចំនួន៣នាក់បងប្អូន នៅផ្ទះ ដោយបាត់ម្តាយ លុះពេលគាត់បានដើរសួរបងប្អូនអ្នកជិតខាងក្នុងភូមិថា “មានឃើញប្រពន្ធខ្ញុំឬអត់?” ស្រាប់តែប្អូនថ្លៃឈ្មោះព្លោត សំណាង ភេទប្រុស អាយុ១៥ឆ្នាំ បានប្រាប់ថា ឃើញបងស្រី (ប្រពន្ធគាត់) ឡើងឡានពណ៌ក្រហម ១គ្រឿង មិនស្គាល់ម៉ាក ជិះសំដៅទៅខេត្ត តាំងពីម៉ោង ១និង៥០នាទីរសៀលម៉្លេះ ដោយមិនបានប្រាប់ពីមូលហេតុអ្វីទាំងអស់។
ក្រោយពីបាត់ប្រពន្ធអស់រយៈពេល ២ថ្ងៃ នៅតែមិនទាន់ឃើញត្រឡប់មកផ្ទះវិញ ទើបបុរសជាប្តី បានបីកូនតូច ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រង់តេះ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកប្រពន្ធរបស់ខ្លួន៕