ខេត្តត្បូងឃ្មុំ ៖ រថយន្តកូរ៉េ ចំណុះ១តោនកន្លះ ១គ្រឿង ដឹកប្រេងសាំង និងម៉ាស៊ូត ជាច្រើនប៊ីដុង កំពុងបើកបរសុខៗ ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍សុំអន្តរាគម ន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយបាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក។
រថយន្តដឹកប្រេងដែលរងការឆាបឆេះ ជាប្រភេទរថយន្តកូរ៉េ ចំណុះ១តោនកន្លះ បើកបរដោយឈ្មោះវ៉ា ឃីម ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិជីមាន់ជើង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ១គ្រឿងចំណុះ ១តោនកន្លះ មានដឹកប្រេងសាំង និងម៉ាស៊ូត ច្រើប៊ីដុង បានបើកបរនៅតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងទិសដៅពីលិច មកកើត លុះពេលធ្វើដំណើរមកដល់ត្រង់ ចំណុចកើតហេតុ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ក៏ស្រាប់តែកើតមានការឆាបឆេះឡើងតែម្តង ហើយភ្លាមនោះអ្នកបើកបរបានចតរថយន្តអែបផ្លូវ រួចចុះស្រែកឆោ ឡោហៅគេឯងឱ្យជួយ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា រថយន្តកូរ៉េខាងលើ មានដឹកប្រេងសាំង ចំនួន១០កាន និងប្រេងម៉ាស៊ូត ចំនួន៣០កាន ដោយបើកបរចេញពីចំណុចភូមិជីមាន់ជើង ដើម្បីយកទៅដាក់ឱ្យម៉ូយ នៅចំណុចភូមិអំពុក លុះពេលកំពុងបើកបរតាមផ្លូវ ពុំទាន់ដល់គោលដៅផង ភ្លើងបានឆាបឆេះនៅទ្រុងខាងក្រោយ ពេញបន្ទុក បង្កឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នានៅក្បែរនោះ។

ប្រភពដដែល បន្តថា ក្រោយពេលមានហេតុការណ៍នេះកើតឡើងភ្លាមៗ ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យលោក វីរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក ដឹកនាំកម្លាំងរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ចេញមក អន្តរាគមន៍បាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទាំងស្រុងជាស្ថាពរ ដោយមិនឱ្យនរណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនោះទេ។

ក្រោយកើតហេតុ រថយន្តកូរ៉េដែលឆាបឆេះខាងលើ ត្រូវបានសមត្ថកិច្ចលស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក។ សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលរថយន្តនេះឆាបឆេះ សង្ស័យមកពីជាប់ ហ្វ្រាំង ទើបបណ្តាលឱ្យឆេះយ៉ាងដូច្នេះ៕

