ភ្នំពេញ ៖ ក្រុមការងារដ្ឋបាលខណ្ឌកំបូល បានចុះទៅផ្អាកការសាងសង់សំណង់អគាររោងចក្រ១កន្លែង ដោយអះអាងថា អត់ច្បាប់អនុញ្ញាតសាងសង់ និងបានចុះណែនាំ ២លើកមកហើយ ប៉ុន្តែម្ចាស់ទីតាំងមិនស្តាប់ លុះលើកទី៣ ក៏អនុវត្តវិធានការរដ្ឋបាល ដកហូតយកសម្ភារៈ សំណង់មួយចំនួន ដើម្បីយកទៅកាន់សាលាខណ្ឌ ស្រាប់តែម្ចាស់ទីតាំង បានយករថយន្ត ១គ្រឿង ទៅឈប់បាំងផ្លូវ មិនឱ្យក្រុមការងារបើករថយន្តដឹកសម្ភារៈចេញពីទីតាំងរបស់ខ្លួនឡើយ ដោយអះអាងថា មានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ និងទារសំណង ជាង១លានរៀល ពីអាជ្ញាធរទៀតផង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅក្នុងទីតាំងការដ្ឋានសំណង់ខាងលើ ស្ថិតនៅក្នុងភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល។

តាមប្រភពព័ត៌មានពីក្រុមការងាររដ្ឋបាលខណ្ឌកំបូល បានឱ្យដឹងថា ម្ចាស់ទីតាំងសំណង់ខាងលើ មានឈ្មោះឈួន គឹមស្រៀង ភេទស្រី អាយុ៣៩ឆ្នាំ មានលំនៅ ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល។ គាត់ពុំទាន់មានច្បាប់អនុញ្ញាតឱ្យសាងសង់សំណង់អគាររោងចក្រខាងលើនោះទេ គឺមានតែពាក្យស្នើសុំលិខិតអនុញ្ញាតសាង សង់ ដែលគាត់បានដាក់ចូលទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប៉ុណ្ណោះ ហើយក្រសួង នៅមិនទាន់ចេញលិខិតអនុញ្ញាតឱ្យសាងសង់នៅឡើយ ប៉ុន្តែគាត់នៅតែសាងសង់។

ក្រុមការងារខាងលើ បានបន្តថា កន្លងមក ក្រុមការងាររដ្ឋបាលខណ្ឌកំបូល បានចុះទៅត្រួតពិនិត្យ និងសួររកច្បាប់សាងសង់ ចំនួន២លើក រួចមកហើយ ពេលនោះម្ចាស់ទីតាំង គ្រាន់តែប្រាប់ថា មានច្បាប់ ប៉ុន្តែមិនបានយកច្បាប់ មកបង្ហាញឱ្យមើលនោះទេ។ ពេលនោះ ក្រុមការងារ បានផ្អាកការសាងសង់ជាបណ្តោះអាសន្ន និងណែ នាំឱ្យឱ្យគាត់រៀបចំបែបបទសុំច្បាប់ទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឱ្យបានរួចរាល់ជាមុនសិន ទើបអាចសាងសង់បាន ប៉ុន្តែគាត់មិនសហការនោះទេ នៅតែបន្តការសាងសង់ទាំងគ្មានច្បាប់ទៀត ទើបក្រុមការងាររដ្ឋបាលខណ្ឌ ដឹកនាំដោយលោក គន់ ចាន់សុភារី អភិបាលរងខណ្ឌ បានចុះផ្អាកជាលើកទី៣ទៀត និងបានអនុវត្តវិធានការរដ្ឋបាល ដកហូតសម្ភារៈមួយចំនួន ដើម្បីយកទៅរក្សាទុកនៅសាលាខណ្ឌ ហើយដរាបណាគាត់ទទួលបានលិខិតអនុញ្ញាតច្បាប់សាងសង់នោះ ទើបខណ្ឌប្រគល់សម្ភារៈនោះជូនគាតវិញ ។

ប្រភពខាងលើ បញ្ជាក់ថា ពេលនោះម្ចាស់ទីតាំង ពុំបានចូលរួមសហការអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌឡើយ ថែមទាំងយករថយន្ត មកបិទផ្លូវ មិនឱ្យរថយន្តគណៈបញ្ជាការឯកភាពខណ្ឌ និងរថយន្តរដ្ឋបាលខណ្ឌ ចេញពីទីតាំងនោះឡើយ។ ជាជម្រើសចុងក្រោយ ក្រុមការងាររដ្ឋបាលខណ្ឌ បានសម្រេចទុករថយន្តដែលមានស្លាកលេខ ចង្កូតស្តាំ PP-1829 មួយគ្រឿង នៅក្នុងទីតាំងសំណង់នោះ ហើយរាល់ការខូចខាត និងបាត់បង់ដោយប្រការណាមួយនោះ គឺជាការទទួលខុសត្រូវរបស់ម្ចាស់ទីតាំងខាងលើ។

ដោយឡែក ស្ត្រីជាម្ចាស់ទីតាំងសំណង់ខាងលើនោះ បានអះអាងថា គាត់បានសាងសង់អគារនេះ ដើម្បីទុកជួលបើករោងចក្រ ហើយសាងសង់បានរយៈពេល ៧សប្តាហ៍មកហើយ ដោយគាត់មិនបានសុំច្បាប់សាងសង់នៅសាលាខណ្ឌកំបូល នោះទេ។ មូលហេតុគឺសំណង់ដែលគាត់សង់នេះ មានទំហំរហូតដល់ទៅ ៥០០០ម៉ែត្រការ៉េ ដែលតាមច្បាប់ គឺវាបានហួសពីដែនគ្រប់គ្រងរបស់អាជ្ញាធរខណ្ឌទៅហើយ ដោយឡែកអាជ្ញាធរខណ្ឌ គ្រប់គ្រងបានត្រឹមតែទំហំ៥០០ម៉ែត្រការ៉េប៉ុណ្ណោះ។

ស្ត្រីជាម្ចាស់ទីតាំង បន្តថា ដោយសារតែបែបនេះហើយ ទើបគាត់អត់សុំច្បាប់សាលាខណ្ឌ ហើយបានទៅសុំច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តាមច្បាប់កំណត់ ហើយក៏ទទួលបានច្បាប់អនុញ្ញាហើយ ទើបគាត់ហ៊ានសាងសង់។ ប៉ុន្តែអាជ្ញាធរខណ្ឌ កំបូល បានចុះហាមឃាត់ មិនឱ្យសាងសង់ ជាបន្ត បន្ទាប់ ចំនួន៣លើករួចមកហើយ ទោះបីជាគាត់ប្រាប់ថា មានច្បាប់ហើយ ក៏នៅតែឃាត់ដែរ និងហៅឱ្យគាត់ទៅជួបដោះស្រាយនៅសាលាខណ្ឌ ប៉ុន្តែគាត់អត់ទៅឡើយ។
ស្ត្រីរូបនោះ បាននិយាយទៀតថា ដោយឡែកនៅថ្ងៃកើតហេតុ ស្រាប់តែអាជ្ញាធរចុះទៅប្រាប់ឱ្យជាងផ្អាកការងារនិងលើសម្ភារៈជាងសំណង់របស់គាត់ ដាក់រថយន្ត ប្រុងដឹកទៅសាលាខណ្ឌ និងផ្តាំតាមជាង ឱ្យប្រាប់គាត់ទៅដោះស្រាយគ្នានៅសាលាខណ្ឌ ហើយជាងក៏បានប្រាប់ឱ្យគាត់ដឹងតាមនោះ ទើបពេលនោះ គាត់បានបើករថ យន្តទៅកាន់ទីតាំងនោះ ឈប់តាមផ្លូវ ប៉ុន្តែគាត់មិនបានឈប់រាំងផ្លូវនោះទេ ដោយសារតែផ្លូវទំហំត្រឹមតែជាង៣ម៉ែត្រ ហើយពេលគាត់បើករថយន្តចូលទៅ អាជ្ញាធរក៏បើករថយន្តចេញមក ទើបទល់គ្នា ចេញមិនរួច ហើយគាត់ក៏ឈប់រថយន្តនៅទីនោះតែម្តង ដើម្បីដោះស្រាយគ្នា។

ស្ត្រីខាងលើ បានបញ្ជាក់ថា គាត់បានសុំឱ្យអាជ្ញាធរ សងលុយ ១ ១៤០ ០០០រៀល ព្រោះអាជ្ញាធរ បានឱ្យជាងរបស់គាត់ចំនួន ៣៨នាក់ ផ្អាកការងារ ធ្វើឱ្យជាងទាំងនោះ មិនបានធ្វើការកន្លះថ្ងៃ ដែលបានធ្វើឱ្យគាត់ត្រូវខាត ថ្លៃឈ្នួលជាង ចំនួនទឹកប្រាក់ខាងលើ ទើបគាត់ទាមទារសំណងពីអាជ្ញាធរបែបនេះ ហើយគាត់ក៏សុំឱ្យអាជ្ញាធរទម្លាក់សម្ភារៈគាត់ទុកវិញ ទើបបើកផ្លូវឱ្យយករថយន្តចេញពីទីតាំងរបស់គាត់៕