ភ្នំពេញ៖សុគន្ធ និសា ត្រូវស្វាមីនាងSurprise ដោយទៅមើលនាងច្រៀងសម្ដែងនៅPub មួយអត់ប្រាប់ឲ្យដឹងមុន ហើយពេលនាងក្រឡេកឃើញស្វាមីពាក់មួកបន្លំជាមួយភ្ញៀវមើលនាងលើឆាកនោះនិសា អៀនឡើងច្រៀងមិនចង់កើត។យ៉ាងណានោះអាចជាលើកដំបូងសម្រាប់និសា ដែលពេលនាងឡើងច្រៀងប្ដីទៅមើលដោយផ្ទាល់ក្រោយពីអ្នកទាំងពីរចាប់ដៃគ្នាជាង៧ឆ្នាំ ព្រោះលោកសម្បត្តិ មិនធ្លាប់ជូន ឬទៅមើលប្រពន្ធច្រៀងសម្ដែងឡើយ ហើយសូម្បីតែកម្មវិធីតារារួមអាជីពពេលនិសា ចូលរួមក៍គេកម្រឃើញនាងបណ្ដើរស្វាមីទៅចូលរួមដែរ ។បញ្ហានេះនិសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមូលហេតុដែលប្ដីអត់ដែលទៅមើលនាងច្រៀងដោយផ្ទាល់តាមឆាកនានា ព្រោះតែនាងនិងស្វាមីមានទំនុកចិត្តលើគ្នាខ្ពស់ និងម្យាងទៀតរវាងនាងនិងប្ដីមានភាពរវល់រៀងៗខ្លួន អីចឹងមិនអាចទៅណាជាមួយគ្នាគ្រប់ពេលវេលាបានឡើយ ។ប៉ុន្ដែនិសា ថាមានពេលខ្លះពេលនាងទៅច្រៀងនៅខេត្តឆ្ងាយ ប្ដីក៍ធ្លាប់បើកឡានជូននាងទៅដែរ ហើយពេលធ្វើការងារចប់រូបនាងនិងស្វាមីទៅដើរកម្សាន្ដរម្យ នីយ៍ដ្ឋាននៅខេត្តនោះជាមួយគ្នាតែម្ដង ។
សូមបញ្ជាក់ថាសុគន្ធ និសា និងប្ដីទើបតែប្រារពខួបអាពាហ៍ ពិពាហ៍ គម្រប់៧ឆ្នាំកាលពីថ្ងៃទី១ ខែ១២ ឆ្នាំ២០២៤ ហើយនាងថែមទាំងច្រៀងរំលឹកអនុស្សាវរីយ៍ចាស់ជាមួយស្វាមីបទ«អារម្មណ៍ចាស់ៗ» ខណៈដែលក្រោយពីចាកចេញពីហង្សមាសនាងបានចាប់ដៃជាមួយលោកនីកូ និងនួន សុធារក្ស ផលិតMV ជាប្រវត្តិរឿងស្នេហាក្នុងស្រុកស៊ីផាន់«ឃុនឆាង ឃុនផែន » និងនាងភឹម ដែលនិសា ច្រៀងបទ«ម្នាក់ស្រលាញ់ ម្នាក់អាណិត » ខណៈដែលនីកូ ច្រៀងបទ«ប្រាប់ផង »។និសា អាចប្រឈមការពិបាកទប់លំនឹងទីផ្សារចម្រៀងបន្ទាប់ពីរូបនាងចេញពីហង្សមាស ព្រោះពេលនេះនាងមិនចូលផលិតកម្មថ្មីទេ គឺផលិតចម្រៀងដោយខ្លួនឯង ដោយដើរតាមគន្លងមាស សុខសោភា និងពេជ្រ សោភា ជាដើម បើទោះជាមានដំណឹងថាGalaxy ចង់បាននាងទៅចាប់ដៃគូជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ម្ដងទៀតក្ដី ។និសា ធ្លាប់និយាយថាតាមពិតរូបនាងត្រូវស្វាមីចង់ឲ្យឈប់ពីសិល្បៈតាំងពីមុននាងរៀបការម្លេះ ប៉ុន្ដែដោយសារនាងពន្យល់ពីហេតុផលនៃការតស៊ូជាច្រើនឆ្នាំក្នុងវិស័យចម្រៀងទម្រាំតែមានថ្ងៃនេះ នឹងមិនអាចបញ្ឈប់កណ្ដាលទីបាន ទើបប្ដីយល់ព្រមឲ្យនាងលេងសិល្បៈពេញទំហ៊ឹង ដោយមិនប្រចណ្ឌ ឬហួងហែងនាងឡើយ ។
គួរកត់សម្គាល់ថាសម្រាប់តារាចម្រៀងល្បីៗគឺមានតែសុគន្ធ និសា ម្នាក់ប៉ុណ្ណោះដែលប្ដីមិនដែលដើរតាមឆាក ច្រៀងសម្ដែងជាប្រចាំនោះព្រោះតារាភាគច្រើនមានស្វាមីជាជំនួយការខ្លួនដើម្បីចាត់ចែងការងារសិល្បៈរបស់ពួកគេដូចជាមាស សុខសោភា ,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើម ។ចំពោះអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា វិញទោះជានាងឈប់ច្រៀងសម្ដែងក៍ស្វាមីមានលទ្ធភាពចិញ្ចឹមនាងរស់នៅដោយសុខសាន្ដដែរដោយសារតែលោកចៅ សម្បត្តិ មានតួនាទីជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយ ហើយមានផ្ទះផ្ទាល់ខ្លួននៅរដ្ឋBoston សហរដ្ឋអាមេរិក ទៀតផង។តែនិសា ប្រកាន់ជំហរថាទោះជាថ្ងៃក្រោយនាងមានកូន ឬអាយុច្រើនជាងនេះទៅក៍នាងមិនពឹងលើលុយប្ដីទាំងស្រុងដែរ ដោយបង្កើតមុខរបរផ្ទាល់ខ្លួន ដើម្បីមានចំណូលជាប្រចាំ ប្រសិនបើនាងដកឃ្លាពីសិល្បៈ។ការថ្លែងបែបនេះរបស់និសា ស្របពេលដែលបច្ចុប្បន្ននាងមានអាជីវកម្មដូចជាគ្លីនិករក្សារសម្រស់ ,ហាងគុយទាវខ្ចប់ កាហ្វេ និងចេកឆឹងជាដើម ។ប៉ុន្ដែរឿងដែលនិសា មិនអាចធ្វើបានដូចតារាស្រីដ៍ទៃទៀតនៅឡើយនោះគឺនាងមានស្វាមី៧ឆ្នាំទៅហើយបែជារកតែកូនង៉ា១បីប្រលែងលេងដូចគេអត់បានទៅវិញ ។
មជ្ឈដ្ឋានមហាជនសង្កេតឃើញថាសុគន្ធ និសា អាចពិបាកវាយលុកទីផ្សារចម្រៀងសារជាថ្មី ក្រោយនាងស្ងប់ស្ងាត់លែងសូវមានបទផ្ទុះជាច្រើនខែមកនេះ ហើយប្រសិនបើការចេញបទថ្មីៗដោយខ្លួនឯងផលិតមិនត្រូវនិងសម្លេងរបស់នាងនោះអ្នកនាងសុគន្ធា ក៍មិនអាចប្រជែងជាមួយតារាយុវវ័យនាពេលបច្ចុប្បន្នដែលផលិតកម្មខ្លះចេញបទសឹងតែរាល់ថ្ងៃនោះបានដែរ។ប៉ុន្ដែនិសា អាចនៅមានចំណូលខ្ពស់ពីវិស័យចម្រៀងដដែល ព្រោះនាងច្រៀងកម្មវិធីធំៗយកបទល្បីចាស់ៗកែច្នៃភ្លេងថ្មីដូចមាស សុខសោភា បើទោះជាFan ទទួចចង់ឃើញតារា វ័យ៤១ឆ្នាំរូបនេះចេញបទថ្មីខ្លាំងៗដូចមុនវិញក៍ដោយ ៕