ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ចប់ការស៊ើបអង្កេតពាក់ព័ន្ធនឹងនាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ថា កងរាជរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវទិស ស្លោក “ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះ ប្រជា ត្រូវតែបម្រើ ច្បាប់ ត្រូវតែគោរព បទល្មើស ត្រូវតែបង្ក្រាប” ហើយយោធិននៃកងរាជអាវុធហត្ថ ត្រូវតែបានអប់រំ និងត្រូវតែអនុវត្តទិសស្លោកនេះឱ្យខ្ជាប់ខ្ជួន ដើម្បីជាគំរូក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ប្រសិនបើបុគ្គលណាមិនគោរព ត្រូវតែទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បន្តថា ជាក់ស្តែង កងរាជអាវុធហត្ថ បានស៊ើបអង្កេតស្រាវជ្រាវរកឃើញបុគ្គលពាក់ព័ន្ធនឹងបទល្មើសឃាតកម្ម និងបទល្មើសគ្រឿងញៀន ចំនួន៤នាក់ ហើយតាមការស្តាប់ចម្លើយជនសង្ស័យទាំងនោះ ក៏ឈានដល់ឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន២រូប ដែលពាក់ព័ន្ធនឹងអំពើ ស៊ីសំណូក និងធ្វើឱ្យបែកការណ៍សម្ងាត់ក្នុងការស៊ើបអង្កេត។ នេះហើយដែលកងរាជអាវុធហត្ថ អនុវត្តតាមទិសស្លោក បើមិនគោរពច្បាប់ ប្រព្រឹត្តបទល្មើស ត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់ មិនមានការយល់យោគទេ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា យោងសចក្តីរាយ ការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកណ្តាល អំពីការស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្ម និងបទល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្តនៅខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ ខេត្តតាកែវ ព្រមទាំងឈានដល់ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប ក្នុងនោះ ២រូប បញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ និង ១រូបទៀត បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម តាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបដូចខាងក្រោម ៖
១- ដំណើររឿង ៖ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស៊ើបអង្កេតករណីឃាតកម្ម នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន៤នាក់ ពាក់ព័ន្ធនឹងការ ធ្វើទារុណកម្មអំពើឃោរឃៅរហូតដល់ស្លាប់ និងពាក់ព័ន្ធនឹងអំពើចែកចាយ ជួញដូរគ្រឿងញៀន ដោយខុសច្បាប់។ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធ ហត្ថខេត្តកណ្តាល បានចាប់យកវត្ថុតាងគ្រឿងញៀន ចំនួនប្រមាណ ៧គីឡូក្រាម អាវុធវែងកែច្នៃ ចំនួន១ដើម អាវុធខ្លីចំនួន ១ដើម កាំភ្លើងបាញ់សត្វ ចំនួន១ដើម សម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀន មួយចំនួន និងជនសង្ស័យ ទាំង៤នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។
២- ដោយផ្អែកលើការស្រាវជ្រាវនិងស្តាប់ចម្លើយជនសង្ស័យ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ បានសុំគោលការណ៍ដឹកនាំនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តអនុវត្តនីតិវិធីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។ តាមចម្លើយសារភាពរបស់ជនសង្ស័យ និងផ្អែកតាមឯកសារភស្តុតាង មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធ ហត្ថខេត្តកណ្តាល នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យឈ្មោះង៉ែត ចាន់ធី និងឈ្មោះស៊ិន សុវណ្ណារិទ្ធ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែ ងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ចំពោះឈ្មោះលុយ សារ៉ុម ហៅលុយ សារុំ មិនមានពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួល ខុសត្រូវចំពោះតួនាទី ភារកិច្ច បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ វិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម៕