ខេត្តសៀមរាប ៖ លោកវរសេនីយ៍ទោ វេង សៀកហ៊ុយ នាយរងការិយាល័យចរាចរណ៍ខេត្តម្នាក់ បានបើក រថយន្ត ១គ្រឿង បុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅស្តុបកោះកេរ ទាំងយប់ បណ្តាលឱ្យរងរបួស និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៥៥នាទីយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅលើកំណាត់ ផ្លូវជាតិលេខ៦ ត្រង់ចំណុចស្តុបកោះកេរ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលចុះដល់កន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពីមានរថយន្តបុកខឿនពុះចែកទ្រូងផ្លូវភ្លាម ពួកគាត់បាននាំគ្នាចេញមកមើល ស្រាប់តែម្នាក់ៗស្រែកថា រថយន្តនេះ គឺជារបស់ប៉ូលិសការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប ប្រហែលគាត់ស្រវឹង បើកលឿនហើយបុករបាំងថ្មចែកទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើល។

ដោយឡែកតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឱ្យដឹងកាលពីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ថា រថ យន្តបង្កម៉ាកឡិចស៊ីស ពណ៌មាស ពាក់ស្លាកលេខ សៀមរាប 2C-8744 បើកបរក្នុងទិសដៅពីជើង ទៅត្បូង បត់ទៅកើត រួចគេចម៉ូតូ ជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ នៅកន្លែងស្តុបកោះកេរ នោះ ជារបស់លោកវរ សេនីយ៍ទោ វេង សៀកហ៊ុយ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប។

ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញមានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកមនុស្សទៅសង្គ្រោះបាត់ហើយ។ ក្រោយពីកើតហេតុ កម្លាំងនគរបាលជំនាញ ក៏បានឱ្យរថយន្តស្ទូចរបស់ប៉ូលិសចរាចរណ៍ មកស្ទួចយកទៅទុកនៅស្នាក់ការកណ្តាលចរាចរណ៍ មាត់ស្ទឹងសៀមរាប។ ចំពោះខឿនចែកផ្លូវ របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ដែលរថយន្តបុកនោះ មិនបានទាមទារសំណងពីម្ចាស់រថយន្តទេ ព្រោះខូចខាតតិចតួច៕