ភ្នំពេញ៖ឈីន រតនៈ តារាចម្រៀងសម្លេងខ្លាំងម្នាក់របស់ហង្សមាសត្រូវបានគេបង្ហើបថានាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយតារារួមទ្រនុំលោកគង់ ចំរើន ជាយូខែមកហើយ ប៉ុន្ដែអ្វីដែលកាន់តែបង្ហាញច្បាស់នោះគឺនៅលើឆាកតន្រ្ដីថ្ងៃឆ្លងឆ្នាំសកលលោកចំរើន បានបង្ហាញកាយវិការឲ្យគេដឹងពីស្នេហាលោកជាមួយរតនៈ ជាចំហនោះកាន់តែច្បាស់តាមរយៈលោកបានលុតជង្គង់លើឆាកជូនបាច់ផ្កា និងតុកាតា ស្រីស្រអែមស្រស់នេះនៅមុខមហាជនជាច្រើនដែលកំពុងទស្សនាតែម្ដង ។ក្រោយលាតត្រដាងស្នេហ៍ជាសាធារណៈបែបនេះក៍មានដំណឹងថាលោកគង់ ចំរើន និងឈីន រតនៈ គ្រោងយកកូនភ្លោះមុនរៀបការដែលរឿងដ៍រសើបនេះធ្វើឲ្យក្រុមគ្រួសាររតនៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។


ដើម្បីទប់ទល់រឿងពួកគេចង់លេងស្នេហាបែបអ៊ឺរ៉ុប ពោលគឺយកកូនមុនមិនក្វល់រៀបការនោះចុះពីលើឆាកតន្រ្ដីមួយកាលពីពេលថ្មីៗនេះឈីន រតនៈ បានសម្ភាសន៍លោកគង់ ចំរើន ថាចង់បានកូនភ្លោះ២ឬ៣នាក់ ស្រាប់តែលោកចំរើន ផ្ដល់ចម្លើយភ្លាមភ្លែតថា«លោកចង់បានកូនភ្លោះ៧នាក់» ។រតនៈ ស្រឡាំងកាំង ហើយតបទៅចំរើន វិញថានាងមិនមែនមេជ្រូកទេ ។ស្រាប់តែចំរើន តបទៅវិញថា«អីចឹងធ្វើមេជ្រូកបងបានអត់?» ។រតនៈ កាត់វិញថាដូចជាជ្រុលហួសហេតុពេកហើយ…។

ឈីន រតនៈ និយាយទាំងសំណើចផង អៀនបន្ដិចផងថាមានអ្នកខ្លះថានាងនិងលោកចំរើន អោបថើបគ្នាទៀតផង អីចឹងនាងថាមានវីដេអូនោះអត់នាងសុំមើលផង…។ចំណែកលោកចំរើន បែជាជម្រុញឲ្យរតនៈ អោបថើបលោកតែម្ដងទៅដើម្បីឲ្យដូចគេនិយាយតែនាងបដិសេធ ព្រោះថាមិនចង់ឲ្យផុងខ្លួនកាន់តែជ្រៅ។

អ្នកយកព័តមានយើងមិនអាចទាក់ទងទៅឈីន រតនៈ ផ្ទាល់បានទេ ព្រោះអ្នកកាន់លេខទូរស័ព្ទនាងដែលដាក់លើផេកនាងពិបាកនិយាយក្នុងការសាកសួរពីព័តមានតារាចម្រៀងរូបនេះ ។យ៉ាងណានៅលើបណ្ដាញសង្គមទាំងតារារួមអាជីពនិងFan តារាទាំងពីរសុទ្ធតែឲ្យយោបល់ដល់រតនៈ-ចំរើន គួរតែចូលរោងការសិន ចាំយកកូនភ្លោះតាមក្រោយល្អជាងលេងផ្លូវកាត់។

ឈីន រតនៈ អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ បានក្លាយទៅជាដៃគូចម្រៀងជាមួយលោកគង់ ចំរើន បេក្ខភាពX –Factor Cambodia រដូវកាលទី១ ដោយចេញបទឆ្លងឆ្លើយជាបន្ដបន្ទាប់ដូចជាបទ«ចង់រត់ទៅភ្នំគូលែន » ,«ក្រមុំដេកយំ មេម៉ាយដើរសើច » ,«ញ៉ែនុះញ៉ែ» ,«កំលោះខ្មែរ ក្រមុំខ្មែរ» ,«សុំតម្លៃធូៗ» ,«អូនអ្នកក្រុង បងអ្នកស្រែ» ,»«ហាមតមាត់ »,«ស៊យហើយខ្ញុំ ញ៉ែប៉ះប្រពន្ធមេប៉ុស្ដិ៍ » ,«មេម៉ាយបានប្ដីកំលោះ »,«ឈ្លោះគ្នាដាក់ខែ » ,«ស្ងាត់ៗលួចដាក់មួយកំប៉ុង »…។តារាចម្រៀង១គូនេះត្រូវបានគេមើលឃើញថាពួកគេពិតជាសាកសមគ្នាទាំងក្នុងនិងក្រៅឆាក និងអាចច្រៀងបានជាច្រើនទម្រង់ ពិសេសគឺប្រភេទបទខ្ពស់ៗទៀតផង ខណៈដែលរតនៈ ត្រូវបានគេស្គាល់ច្បាស់តាមរយៈការច្រៀងCover បទរបស់តារាប្រុសល្បីៗដូចជាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ជាដើម។ប្រសិនបើរតនៈ-ចំរើន ក្លាយទៅជាដៃគូស្នេហាគ្នាមែន នោះតារាទាំងពីរកំពុងតែដើរតាមផ្លូវគូស្នេហ៍នាងប៉ាច គីមមួយ-សយ រតនៈ ដែរជាមិនខាន បើទោះជាមិនទាន់មានដំណឹងពួកគេគ្រោងភ្ជាប់ពាក្យនឹងត្រៀមរៀបការដូចគីមមួយ និងគូដណ្ដឹងក្ដី ៕


