ភ្នំពេញ៖អតីតតារាចម្រៀងM និងសាន់ដេ អ្នកនាងគង់ សុកញ្ញា ហៅអែនជី (NG) បានឃ្លាតឆ្ងាយពីអាជីពកាន់ក្បាលមីក្រូជិត៦ឆ្នាំមកហើយដោយងាកទៅរកស៊ីផ្នែកCosmetic វិញក្រោយរៀបការប្ដីឆ្នាំ២០១៨ និងពេលនេះមានកូន២នាក់។ប៉ុន្ដែក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះអែនជី ថានាងនៅតែអាលោះអាល័យអាជីពចាស់ ព្រោះនាងស្រលាញ់សិល្បៈតាំងពីរូបនាងនៅតូចមិនទាន់ចេះអក្សរម្លេះ ។

អែនជី បានប្រាប់អ្នកយកព័តមានយើងថា«វិស័យសិល្បៈខ្ញុំអត់ដែលភ្លេចទេ គឺចងចាំជានិច្ច ។និយាយទៅសិល្បៈនៅជាប់ដិតដាមដក់ក្នុងខួក្បាលខ្ញុំគ្រប់ពេល ។សិល្បៈខ្ញុំស្រលាញ់តាំងពីខ្ញុំអត់ទាន់ចេះអក្សរម្លេះ »។ក្រៅពីអះអាងថាទោះជារវល់ក្នុងមុខជំនួញយ៉ាងណាក៍នាងនៅតែមិនភ្លេចអាជីពចម្រៀងនោះអែនជី ក៍សិក្សារពីការឆ្លៀតថតបទចម្រៀងរបស់ខ្លួនឡើងវិញដោយចេញនៅផេកផ្ទាល់ខ្លួនអមជាមួយការលក់ផលិតផលរបស់នាងដែរជាមួយBA ថ្មីបវរកញ្ញាចន សុទីម៉ា ។ចំណែកFan បានលើកឡើងថាកាលនៅM អែនជី និងពេជ្រ សូលីកា មានរូបសម្រស់ទាក់ទាញនិងកេរ្ដិ៍ឈ្មោះត្រដុំត្រសងគ្នា តែពេលនេះស្រីពេជ្រ មានកូន១នៅបន្ដអាជីពចាស់ ខណៈអែនជី វិញមានកូន២មមាញឹករកស៊ីទៅវិញ ។

អែនជី បន្ថែមថា«ខ្ញុំនិងសូលីកា នៅតែរាប់អានគ្នាធម្មតាដូចមុន គ្រាន់តែមិនសូវបានជួបជុំគ្នាដូចកាលខ្ញុំនៅលេងសិល្បៈទេ »។

អែនជី បានសម្រាលកូនស្រីជាកូនទី២ឈ្មោះគង់ រ៉ាឌីការអមរា កាលពីថ្ងៃទី១០ខែតុលា ឆ្នាំ២០២៤ ខណៈកូនប្រុសទី១របស់នាងឈ្មោះគង់ វីរៈអ៊ីដេន អាយុ៤ឆ្នាំ ហើយនាងថាអំឡុងនៅសសៃខ្ចីនេះនាងឡើងទម្ងន់ដល់ទៅជាង៧០គ.ក្រ ប៉ុន្ដែពេលនេះសម្រកបានជាង២០គ.ក្រ ពោលគឺនៅតែជាង៥០គ.ក្រ ប៉ុណ្ណោះ ។ភរិយាតារាសម្ដែងលោកគង់ សុខអេង រូបនេះថាក្រៅពីចង់ផលិតបទចម្រៀងឡើងវិញ នាងក៍ដាក់គោលដៅវាយលុកទីផ្សារមុខជំនួញខ្លួនឲ្យកាន់តែខ្លាំងជាងឆ្នាំមុនៗផងដែរ ។

គួរកត់សម្គាល់ថាក្រៅពីអែនជី តារាដែលមានគូស្នេហ៍ហើយដកខ្លួនពីអាជីពសិល្បៈមានដូចជាអ្នកនាងវ៉ាន់ សម្ផស្ស ,គីម ហួរ ,គឹម លក្ខិណា ,វ៉េត រតនា,ដាញ់ ម៉ូនីកា និងអាលីហ្សា ជាដើម ។សម្រាប់អែនជី វិញនាងមានបងថ្លៃជាអតីតតារាដល់ទៅ២ដួងគឺផាន់ ម៉ូនីកា និងអ៊ឹម សុគន្ធា ដែលពេលនេះពួកគេក៍បោះបង់អាជីពចាស់ហើយមកធ្វើជំនួញដូចរូបនាងដែរ ។

សូមបញ្ជាក់ថាមុនរៀបការប្ដីអែនជី ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួន តែស្រីស្រស់បានដើរផ្លូវជ្រើសគូស្នេហ៍ជាបុរសដែលយល់ពីអាជីពចម្រៀងរបស់ខ្លួនច្បាស់ ហើយពេលនេះនាងក្លាយទៅជាអ្នកជំនួញក្នុងវិស័យOnline ដោយគ្មានគម្រោងចូលផលិតកម្មថ្មីឡើយ ៕


