ខេត្តតាកែវ ៖ អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធខេត្តតាកែវ បានចុះពិនិត្យសំណង់ព្រះបដិមាមួយចំនួន នៅទីតាំងផ្ទះរបស់លោកធាន វុទ្ធី ដែលកន្លងមកធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងការតាំងខ្លួនធ្វើជាព្រះសិអារ្យមេត្រី ដោយអាជ្ញាធរបានសម្រេចផ្អាកការសាងសង់សំណង់នានា ព្រោះគ្មាន ច្បាប់អនុញ្ញាត និងគ្មានបច្ចេកទេស។

លោកម៉ឹង វុធី អភិបាលរងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៥ បានដឹកមន្ត្រីជំនាញនៃមន្ទីរវប្ប ធម៌និងវិចិត្រសិល្បៈ មន្ទីរធម្មការនិងសាសនា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មន្ទីរព័ត៌មាន និងអាជ្ញាធរស្រុកព្រៃកប្បាស ឃុំចំប៉ា ភូមិចំប៉ា ដើម្បីពិនិត្យសំណង់ និងបដិមាមួយចំនួន ដែលបាននឹងកំពុងសាងសង់ និងបានសម្រេចផ្អាកភ្លាមៗនូវការសាងសង់សំណង់នានា ព្រោះតែគ្មានច្បាប់អនុញ្ញាត និងគ្មានលក្ខណៈត្រឹមត្រូវតាមបច្ចេកទេសសំណង់។

លោកម៉ឹង វុធី អភិបាលរងខេត្តតាកែវ ដែលបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងនេះ បានគូសបញ្ជាក់ថា ទីតាំងនេះសាងសង់នេះ សង់លើផ្ទៃដីទំហំប្រមាណសរុប ១៤ហិកតារ សាងសង់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន ហើយមានព្រះបដិមាជាច្រើន មិនសមស្របតាម លក្ខណៈរចនាបទបច្ចេកទេសរបស់វប្បធម៌ខ្មែរ ការសាងសង់សំណង់នានា (អគារគុណមាតាមិតា ប្រាសាទជល់មុន្នី ១៨សែនកោដិ អគារកម្ពស់ ៥ជាន់) មិនបានឆ្លងកាត់ជំនាញវិស្វករ ត្រួតពិនិត្យ និងមិនមានច្បាប់អនុញ្ញាត និងបដិមាគ្មានការពិនិត្យពីជំនាញ និងមិនមានក្បួនខ្នាតត្រឹមត្រូវឡើយ។

លោកម៉ឹង វុធី បានបន្ថែមថា ក្រោយពីក្រុមការងារជំនាញ បានចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់ ក៏បានសម្រេចណែនាំឱ្យផ្អាករាល់ការសាងសង់ទាំងអស់ និងសូមឱ្យម្ចាស់ការដ្ឋានសាងសង់សហការជាមួយអាជ្ញាធរ និងមន្ទីរអង្គភាពជំនាញ ដើម្បីសហការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ព្រះបដិមា សំណង់នានា ការគ្រប់គ្រងកម្មករសាងសង់ឱ្យស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវវិញ។

គួររំឭកថា លោកធាន វុទ្ធី កន្លងមកធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងការតាំងខ្លួនធ្វើជាព្រះសិអារ្យមេត្រី ធ្វើឱ្យព្រះសង្ឃបួសក្នុងព្រះពុទ្ធ សាសនាថ្វាយបង្គំ គោរពគាត់ទៀតផង៕
