Friday, January 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បក្រុមក្មេងទំនើង ឆ---/ក់ប្លន់ ៣១នាក់

បង្ក្រា…/បក្រុមក្មេងទំនើង ឆ—/ក់ប្លន់ ៣១នាក់

ភ្នំពេញ ៖ កម្លាំងស្នងការរដ្ឋាននគបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ បានធ្វើការបង្ហាញមុខជាសារធារណៈនូវក្រុមជនសង្ស័យសរុបចំនួន ៣១នាក់ ពាក់ព័ន្ធករណីលួច ឆក់ ប្លន់ និងក្រុមក្មេងទំនើង។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្ទ ណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលនៃអធិការដ្ឋានចំនួន៧ បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យលួច ប្លន់ និងក្រុមក្មេងទំនើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ដោយបង្ក្រាបបានចំនួន១៣ករណី ឃាត់ជនសង្ស័យចំនួន៣១នាក់។ នៅក្នុងនោះខណ្ឌចំនួន៧ បង្ក្រាបបាន ១២ករណី ឃាត់ខ្លួនមនុស្សចំនួន២១នាក់ និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបបាន ១ករណី ឃាត់ខ្លួនមនុស្សចំនួន ១០នាក់។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបន្តថា នៅក្នុងចំណោម ១៣ករណីនោះ មានករណីលួច ចំនួន៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ករណីកាប់ប្លន់ ចំនួន២ករណី ឃាត់ខ្លួនជនសង្ស័យ បាន២នាក់ ករណីហិង្សាវាយប្លន់ ចំនួន៥ករណី ឃាត់ខ្លួនបានជនសង្ស័យ ១៩នាក់។ ក្នុងនោះមានក្រុមក្មេងទំនើង ចំនួន៣ក្រុម ដែល២ក្រុម មិនមានបក្ខពួកនោះទេ និង១ក្រុម មានបក្ខពួក គឺក្រុមក្មេងទំនើង “TEAM98 លូ៥” ដែលជាក្រុមទើបតែបង្កើតថ្មី និងបានធ្វើសកម្មភាពប្រើហិង្សា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវដួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងលួចមានស្ថានទម្ងន់ទោស ប្រើកាំបិតកាប់ប្លន់ម៉ូតូ នៅផ្ទះសំណាក់ព្រះច័ន្ទ តាមផ្លូវលេខ២០១១ ក្នុងសង្កាត់គោករកា និងកាប់ប្លន់យកម៉ូតូនៅសង្កាត់គោករកា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមនេះបានធ្វើសកម្មភាពយ៉ាងសកម្ម ហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ១០នាក់ ព្រមទាំងដកហូបបានដាវ កាំបិត និងម៉ូតូ មួយចំនួនផងដែរ។ ចំណែកជនសង្ស័យមួយចំនួនទៀត ដែលនៅសេសសល់ កម្លាំងសមត្ថកិច្ចជំនាញ នឹងបន្តសហការជាមួយនៅតាមបណ្តាខណ្ឌនានា តាមសាលារៀន ផ្ទះសំណាក់ ផ្ទះជួល ដើម្បីបន្តស្រាវជ្រាវបង្ក្រាបដូចភ្លៀងរលឹម មិនឱ្យគេចខ្លួនបានឡើយ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តនៅបទបញ្ជារបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការប្តេជ្ញាចិត្ត និងគោលការណ៍ច្បាស់លាស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញបានធ្វើការសហការជាមួយបណ្តាខណ្ឌនានា បង្ក្រាប ទប់ស្កាត់បានជាបន្តបន្ទាប់ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នៅពេលនេះ៕

RELATED ARTICLES