ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ ទើបនឹងឡើងមកពីស្រុកកំណើត ស្នាក់នៅជាមួយបងស្រីជីដូនមួយ នៅភ្នំ ពេញ ដើម្បីរៀនសូត្រ ស្រាប់តែក្រោយមកបានបាត់ពីផ្ទះ ទាំងយប់ ធ្វើឱ្យបងស្រីភ័យ ក៏ប្តឹងសមត្ថកិច្ចជួយតាមស្វែងរកតាមប្រព័ន្ធ iCloud ក្នុងទូរស័ព្ទ រហូតប្រទះឃើញប្អូនស្រី កំពុងនៅក្នុងបន្ទប់ជាមួយយុវជនម្នាក់ ទើបសមត្ថកិច្ចសម្រេចនាំខ្លួនទាំង២នាក់ យកទៅប៉ុស្តិ៍ ដើម្បីសាកសួរ។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ក្មេងស្រីដែលចេញពីផ្ទះ និងត្រូវបងស្រីតាមរកឃើញនៅក្នុងបន្ទប់ជាមួយប្រុសន៉ មានអាយុ១៥ឆ្នាំ និងជាសិស្សរៀនថ្នាក់ទី១១។ ចំណែកយុវជនដែលនៅក្នុងបន្ទប់ជាមួយក្មេងស្រីនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាម្ចាស់បន្ទប់ជួលខាងលើ។
តាមប្រភពស្ត្រីម្នាក់ ដែលអះអាងថា ត្រូវជាបងស្រីជីដូនមួយរបស់ក្មេងស្រីខាងលើ បានរៀបរាប់ប្រាប់ថា ក្មេង ស្រីនេះ ត្រូវជាប្អូនស្រីជីដូនមួយរបស់គាត់ ហើយគាត់ទើបនឹងនាំមកពីស្រុកកំណើត ឱ្យស្នាក់នៅជាមួយនៅភ្នំពេញ ទើបតែបាន ១ខែប៉ុណ្ណោះ ដើម្បីបន្តការរៀនសូត្រ។ ស្រាប់តែមកដល់យប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ប្អូនស្រីនេះបានចេញបាត់ពីផ្ទះ ដោយមិនបានប្រាប់ដំណឹងឱ្យគាត់បានដឹងទាល់តែសោះ។ ភ្លាមនោះ គាត់បានទូរស័ព្ទទៅសួរនាំ តែមិនមានអ្នកលើកសោះ ទើបធ្វើឱ្យគាត់មានការព្រួយបារម្ភ ក៏បានឆែករកទីតាំងប្អូនស្រី តាមរយៈប្រព័ន្ធ iCloud ក្នុងទូរស័ព្ទរបស់នាង ប្រទះឃើញថា ទីតាំងប្អូនស្រីគាត់កំពុងនៅ ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីខាងលើ បន្តថា បន្ទាប់ពីរកឃើញទីតាំងហើយ គាត់ក៏បានផ្តល់ដំណឹងទៅអ្នកសារព័ត៌មាន និងប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកាកាបទី១ ដើម្បីឱ្យជួយអន្តរាគមន៍ ហើយភ្លាមនោះ សមត្ថកិច្ច និងអ្នកសារព័ត៌មាន បានចុះមក ដល់ រួចបានទាក់ទងស្នើសុំការសហការពីម្ចាស់ផ្ទះជួលខាងលើ ហើយម្ចាស់ផ្ទះជួល ក៏បាននាំសមត្ថកិច្ច និងរូបគាត់ ឡើងទៅរកប្អូនស្រី ស្រាប់តែប្រទះឃើញប្អូនស្រីរបស់គាត់ កំពុងនៅក្នុងបន្ទប់ជួលខាងលើ ជាមួយយុវជនម្នាក់ តែមើលទៅសភាពមិនមានអ្វីប្លែកនិងសង្ស័យនោះទេ គឺពួកគេនៅស្លៀកពាក់ធម្មតា។
តាមសម្តីរបស់ក្មេងស្រីខាងលើ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ កាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នាងត្រូវបានយុវតីម្នាក់ ឈ្មោះណែត អាយុប្រមាណ១៦ឆ្នាំ ជាមិត្តភក្តិធ្លាប់រៀនជាមួយគ្នានៅស្រុកកំណើត ទូរស័ព្ទហៅឱ្យចេញមកផឹកស៊ីជាមួយគ្នានៅក្នុងបន្ទប់ជួល ខាងលើ ចាំគេទៅទទួល ហើយពេលនោះនាងបានប្រកែកដែរ តែត្រូវយុវុតីឈ្មោះណែត នោះ គំរាមថាបើមិនមកទៅ ច្បាស់ជាមានរឿងនឹងគ្នាហើយ ធ្វើឱ្យនាងខ្លាចមានបញ្ហា ក៏ព្រមចេញមកជាមួយឈ្មោះណែត ហើយឈ្មោះណែត ក៏នាំនាងមកដល់បន្ទប់ជួលខាងលើតែម្តង ដោយប្រាប់ថា មកផឹកស៊ី លុះពេលមកដល់ បងស្រីរបស់នាងក៏ទូរស័ព្ទមករកនាងដែរ តែនាងមិនហ៊ានលើក។
ក្មេងស្រីដដែល បានបន្តថា បន្ទាប់មក យុវតីឈ្មោះណែត បានប្រាប់ថា គេចេញទៅរកទិញអីហូបមួយភ្លែត រួច ក៏ចេញទៅបាត់ទៅ ដោយទុកឱ្យនាងនៅជាមួយយុវជនជាម្ចាស់បន្ទប់ តែ២នាក់ ប៉ុន្តែអំឡុងពេលនៅតែ២នាក់នោះ គឺពួកនាងមិនបានធ្វើអ្វីនោះទេ ហើយខាងប្រុសក៏មិនបានបំពារបំពានអ្វីនាងដែរ រហូតដល់ក្រោយមក ឃើញបងស្រីនិងសមត្ថកិច្ចបានចុះមកដល់បន្ទប់ជួលតែម្តង។
ចំណែកយុវជនជាម្ចាស់បន្ទប់ជួល ដែលត្រូវបានក្រុមគ្រួសារក្មេងស្រីខាងលើ ប្រទះឃើញនៅតែ២នាក់ ជាមួយប្អូនស្រីគេនោះ បានអះអាងថា ខ្លួនមិនបានស្គាល់ក្មេងស្រីនេះទេ តែខ្លួនបានស្គាល់មិត្តភក្តិរបស់នាង ហើយមុនកើតហេតុ មិត្តភក្តិនាងបានបបួលគ្នាមកផឹកស៊ីនៅក្នុង បន្ទប់ជួលរបស់ខ្លួន និងឃើញនាំក្មេងស្រីរូបនេះមកដល់បន្ទប់ រួចក៏ចេញទៅវិញបាត់ ដោយប្រាប់ថា ទៅរកទិញអីមកហូបចុក ស្រាប់តែចេញផុតបានបន្តិច ក៏ឃើញមានបងប្អូនក្មេងស្រីខាងលើ ព្រមទាំងសមត្ថកិច្ចចុះមកដល់តែម្តង។
យុវជនខាងលើ បានបញ្ជាក់ថា រូបគេមិនបានធ្វើអ្វីទៅលើក្មេងស្រីរូបនេះឡើយ ហើយអំឡុងពេលនៅក្នុងបន្ទប់ តែ២នាក់ ក៏ខ្លួននៅឃ្លាតឆ្ងាយពីក្មេងស្រីនេះដែរ ហើយខ្លួនហ៊ានធានាអះអាងថា ប្រសិនបើខ្លួនបានប្រព្រឹត្តអ្វីទៅលើក្មេងស្រីខាងលើនោះមែន នោះគេព្រមទទួលខុសត្រូវចំពោះមុខច្បាប់ទៀតផង។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំទាំងក្មេងស្រីខាងលើ និងយុវជនជាម្ចាស់បន្ទប់ជួល ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ៕