ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានកើតមានអាការផ្តាសាយអស់រយៈពេល១សប្តាហ៍ មកហើយ លុះទ្រាំមិនបាន ក៏ដាច់ចិត្តជិះម៉ូតូ ទៅផ្ទះពេទ្យក្នុងភូមិ ដើម្បីឱ្យជួយពិនិត្យព្យាបាល លុះទៅដល់គ្រូពេទ្យបានចាក់ថ្នាំឱ្យ២ម្ជុល ស្រាប់ តែមួយសន្ទុះក្រោយមក ក៏កើតមានអាការ ប្រកាច់ត្រដរខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិបឹងវែង ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
បុរសរងគ្រោះដែលត្រូវគ្រូពេទ្យចាក់ថ្នាំ ឱ្យ២ម្ជុល បណ្តាលឱ្យប្រកាច់ស្លាប់ មានឈ្មោះ ព្រាប សុវណ្ណ អាយុ៤៤ឆ្នាំ មុខរបរជាអ្នកបើកបរ រថយន្តដឹកកម្មករ មានប្រពន្ធឈ្មោះផាង សារ៉ន អាយុ៥០ឆ្នាំ និងមានលំនៅក្នុងភូមិកើតហេតុ ខាងលើ។ ចំណែកគ្រូពេទ្យដែលចាក់ថ្នាំបណ្តាល ឱ្យអ្នកជំងឺស្លាប់ មានឈ្មោះសុខ ហ៊ិន អាយុ ៧១ឆ្នាំ ជាគ្រូពេទ្យចូលនិវត្តន៍ មានលំនៅក្នុង ភូមិកើតហេតុខាងលើជាមួយគ្នា។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) បានកើតមានអាការផ្តាសាយអស់រយៈពេល ១សប្តាហ៍មកហើយ តែនៅអាចបំពេញការងារ បើករថយន្តដឹកកម្មករបានរាល់ថ្ងៃ ដោយគ្រាន់ តែទិញថ្នាំលេបតិចតួចប៉ុណ្ណោះ។ លុះមកដល់ ល្ងាច ថ្ងៃទី១៩ ខែកុម្ផៈ ឆ្នាំ២០១៧ ក្រោយ ពេលត្រឡប់មកពីបើករថយន្តដឹកកម្មករវិញ ដោយជំងឺផ្តាសាយមិនទាន់ជាដាច់ ទើបគាត់ សម្រេចចិត្តទៅរកជួបគ្រូពេទ្យឯកជនក្នុងភូមិ ដើម្បីឱ្យជួយពិនិត្យព្យាបាល។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា មុនពេល ចេញពីផ្ទះ ប្តីរបស់គាត់ (ជនរងគ្រោះ) បាន ប្រាប់កូនថា ឪមិនស្រួលខ្លួនទេ ទៅផ្ទះពេទ្យ ឱ្យគេពិនិត្យនិងរកថ្នាំលេបសិន ចាំមកវិញចាំ ធ្វើម្ហូបហូប។ បន្ទាប់មក ប្តីគាត់បានជិះម៉ូតូចេញ ពីផ្ទះសំដៅទៅផ្ទះគ្រូពេទ្យ ផាង សារ៉ាន ដែល មានចម្ងាយពីផ្ទះរបស់គាត់ប្រមាណ១គីឡូម៉ែត្រ បាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមក ឈ្មោះ សុខ កុសល ត្រូវជាកូនរបស់គ្រូពេទ្យខាងលើ បានទូរស័ព្ទមកប្រាប់គាត់ថា បងស្រីមកជួយ មើលបងប្រុសផង មិនដឹងយ៉ាងម៉េចទេ មុខ ឡើងជាំខ្មៅអស់ហើយ។ ភ្លាមនោះ គាត់ និង កូនៗបាននាំគ្នាបើកឡាន ចេញទៅមើលភ្លាម លុះទៅដល់ឃើញប្តីបាត់មាត់បាត់កទៅហើយ តែដោយមិនទាន់អស់ចិត្ត ក៏នាំគ្នាជួយលើកប្តី ដាក់លើរថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកស្វាយជ្រំ ដើម្បីឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះ តែអកុសល ពេលទៅដល់គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ប្តីរបស់គាត់បានដាច់ ខ្យល់ស្លាប់បាត់ទៅហើយ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បញ្ជាក់ថា នៅ ពេលប្តីរបស់គាត់ទៅដល់ផ្ទះពេទ្យគ្រូពេទ្យ ឈ្មោះផាង សារ៉ាន ពិនិត្យរួចហើយ ក៏ចាក់ថ្នាំ ឱ្យប្តីរបស់គាត់ចំនួន២ម្ជុល តែមិនដឹងជាប្រភេទ ថ្នាំអ្វីនោះទេ ស្រាប់តែបន្តិចក្រោយមក ប្តីរបស់ គាត់ក៏ចាប់ផ្តើមកើតមានអាការប្រកាច់ត្រដរ ខ្យល់ស្លាប់តែម្តង ចំណែកគ្រូពេទ្យនៅពេល ឃើញប្តីគាត់ស្លាប់បែបនេះ ក៏រត់គេចខ្លួនបាត់ ស្រមោលភ្លាមៗតែម្តង។
ដោយសារតែកើតទុក្ខមិនសុខចិត្ត ទើប ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ ជូនពួកគាត់ជាក្រុមគ្រួសារសព ដែលបាត់បង់ ប្តី និងឪពុក ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ទាំងដែលប្តីរបស់គាត់ គ្រាន់តែកើតមានជំងឺ ផ្តាសាយធម្មតាប៉ុណ្ណោះ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបាន បញ្ជាក់ថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការពិនិត្យ ស្រាវជ្រាវលើករណីមួយនេះ តាមរយៈការធ្វើ កោសល្យវិច័យសពនិងស្រាវជ្រាវតាមរកគ្រូពេទ្យ ឈ្មោះផាង សារ៉ាន ដើម្បីយកមកធ្វើការ សាកសួរ បញ្ជាក់ពីដំណើរដើមទង និងមូលហេតុ ដែលនាំឱ្យជនរងគ្រោះដាច់ខ្យល់ស្លាប់៕