ភ្នំពេញ៖បើតាមការប្រកាសរបស់ស្វាមីមាស សុខសោភា លោកអ៊ឹត រ៉ាដា កាលពីថ្ងៃទី៧ ខែ១ បានឲ្យដឹងថាមូលនិធិបេះដូងមាស សុខសោភា (Meas Soksophea Heart Foundation)បានបរិច្ចាគលុយជាង៣០០,០០០ដុល្លារ ដល់អង្គហាឦស្វរៈសិមោក្ខ- ពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង ដើម្បីទិញដី និងសាងសង់រូបសំណាក ចំនួន៥ ដែលមានទីតាំងនៅកំពូលភ្នំត្បែង ខេត្តព្រះវិហារ។មូលនិធិរបស់សុខសោភា ក៍បានប្រកូកប្រកាសដល់អ្នកដែលចង់ជួយដល់លោកតាសក់សភ្នំត្បែង អាចចូលរួមជាមួយនាងបានផងដែរ ។តាមរយៈការបង្កើតមូលនិធិ ផ្ទាល់ខ្លួនរបស់សុខសោភា ដែលគ្រប់គ្រងដោយស្វាមីនាងនេះបញ្ជាក់ថាសោភា ជាតារាដែលផ្សារភ្ជាប់ទៅនិងការធ្វើបុណ្យ ធ្វើទាន និងជាតារាដែលជឿទៅលើអបិយជំនឿម្នាក់ផងដែរ ព្រោះជារឿយៗនាងតែងតែចែករំលែកពីព្រះធ័ម និងការធ្វើសមាធិដើម្បីឲ្យអារម្មណ៍បានស្ងប់ ។ប្រភពបានឲ្យដឹងថាសុខសោភា កាន់តែចូលចិត្តធ្វើបុណ្យនៅពេលដែលការប៉ងប្រាថ្នារបស់នាងពីមុនពេលនេះបានសម្រេចភាគច្រើន ពិសេសគឺនាងបានជួបស្វាមីល្អលោកអ៊ឹត រ៉ាដា ដែលបុរសអាណិកជនខ្មែររូបនេះ ព្រមធ្វើអ្វីគ្រប់យ៉ាងទាំងអស់ដើម្បីរូបនាង។សោភា ក៍បានធ្វើខួបកំណើតឲ្យស្វាមីនាងលោករ៉ាដា កាលពីថ្ងៃទី៣០ ខែ១២ ឆ្នាំ២០២៤ ផងដែរ ដោយនាងថែមទាំងសុំពាក្យជូនពរលោកប្ដីនាងពីFan នៅលើហ្វេសបុកទៀតផង បន្ទាប់ពីនាងនិងស្វាមីទើបបានប្រារពខួបអាពាហ៍ ពិពាហ៍ គម្រប់១៧ឆ្នាំ (២០០៧-២០២៤) កាលពីថ្ងៃទី២៨ ខែ១២ ឆ្នាំ២០២៤ ។


សូមបញ្ជាក់ថាមាស សុខសោភា ក្រោយច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនCamtraxMusic ២ឆ្នាំ(២០២៣-២០២៤) នៅឆ្នាំ២០២៥ នេះនាងក៍តាំងចិត្តមិនចូលផលិតកម្មណាទេ គឺបន្ដច្រៀងផលិតកម្មដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ តទៅទៀត បើទោះជាផលិតកម្មហង្សមាស,Galaxy និងថោន ចង់បាននាងក្ដី ។ការមិនប្រញ៉ាប់ចូលផលិតកម្មថ្មីនេះ ក្រោយសុខសោភា ធ្វើតេស្ដលើទីផ្សារឃើញថាបន្ទាប់ពីដើរចេញពីរាម នាងនៅតែរក្សារបានទីផ្សារធម្មតា ហើយប្រាក់ចំណូលនៅតែមានច្រលនដូចកាលច្រៀងនៅផលិតកម្មដែរ ទើបនាងព្យាយាមគេចចេញពីការចូលផលិតកម្មថ្មីដែលចង់ចងជើងនាងតាមរយៈការចុះកុងត្រា ។ប៉ុន្ដែអ្នកជំនាញសិល្បៈបានព្រមានសុខសោភា ថាបើនាងនៅតែច្រៀងផលិតកម្មខ្លួនឯងទៀត ប្រាកដជាពិបាកប្រជែងទីផ្សារចម្រៀងជាមិនខាន ព្រោះធនធានមនុស្សផលិតផ្ទាល់នៅមានកម្រិត មិនដូចនៅផលិតកម្មធំៗដែលគេមានអ្នកជំនាញគ្រប់យ៉ាងដើម្បីផលិតបទចម្រៀងចេញស្ទើរាល់ថ្ងៃនោះឡើយ។

ក្រៅពីមាស សុខសោភា តារាដែលបង្ហាញការជឿស៊ុបទៅលើអបិយជំនឿហើយច្រើនតែធ្វើសមាធិនោះមានដូចជាអ្នកនាងអឿន ស្រីមុំ ,នៅ សុនិតា និងគង់ សុជាតិ ជាដើម ។

គួររំលឹកថាមាស សុខសោភា ធ្លាប់រងកាខកចិត្តម្ដងរួចទៅហើយដោយសារលោកតាសក់សភ្នំត្បែងដែលកាលពីខែ៦ឆ្នាំ ២០២៣ បទចម្រៀងនាង«មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧» ដែលនិពន្ធដោយលោកពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង នោះត្រូវបានប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធប្រតិកម្មពីចម្រៀងរបស់នាងរហូតសោភា បង្ខំចិត្តលុបចេញជាបន្ទាន់តែម្ដង ។ប៉ុន្ដែសោភា នៅតែមានជំនឿនិងគោរពលោកតាសក់សភ្នំត្បែងដដែល រហូតពេលនេះនាងស្វះស្វែងរកថវិកាដើម្បីជួយសម្រេចគម្រោងសាងសង់ទីសក្ការៈរបស់លោកតានៅខេត្តព្រះវិហារ បើទោះជាសោភា មិនទាន់ច្រៀងបទថ្មីៗដែលជាស្នាដៃនិពន្ធរបស់លោកតាសង្វារវង្ស ទៀតក្ដី ៕




