ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀន ៣នាក់ ដែលបង្ក្រាបបាន កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ដោយដាក់ពន្ធនាគារ ពី១៥ឆ្នាំ ៣០ឆ្នាំ និងមួយជីវិត ព្រមទាំងពិន័យជាប្រាក់សរុប ២០០លានរៀល។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបួងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ០៥ ក្រ១១ “ន” ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥០៨៤ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដោយបានសម្រេចផ្តន្ទាទោស លើជនជាប់ចោទចំនួន ៣នាក់។
ក្នុងនោះរួមមាន ទី១-ឈ្មោះ ជឺ មីង ភេទប្រុស អាយុ៣៤ឆ្នាំ ដាក់ទោសពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៩០លានរៀល ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ទី២-ឈ្មោះឌូ វ៉ាំន់យុង ភេទប្រុស អាយុ៤១ឆ្នាំ ដាក់ទោសពន្ធនាគារកំណត់រយៈពេល៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០លានរៀល ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ និងទី៣-ឈ្មោះព្រំ វិឆ័យ ភេទប្រុស អាយុ៣៧ឆ្នាំ ដាក់ទោសពន្ធនាគារកំណត់រយៈពេល១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣០លានរៀល ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន និងអំពើលួចរត់ ប្រព្រឹត្តនៅចំណុចភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដែលត្រូវបានចុះបង្ក្រាបដោយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំពោះវត្ថុចាប់យកប្រភេទគ្រឿងញៀន និងសម្ភារពាក់ព័ន្ឋនឹងបទល្មើស ត្រូវបានសម្រេចរឹបអូស។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ដែរថា ក្រុមប្រឹក្សាជំនុំជម្រះក៏បានអនុវត្តតាមមាត្រា៣៥៣ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនជាប់ចោទឈ្មោះព្រំ វិឆ័យ៕