ខេត្តបាត់ដំបង ៖ ដើមស្វាយកែវល្មៀត ប្រមាណ១៥០០០ដើម ត្រូវបានភ្លើងឆេះបណ្តាលឱ្យខូចខាតគ្មានសល់ បន្ទាប់ពីមានហេតុការណ៍ភ្លើងឆេះព្រៃ រាលឆេះចូលមកដល់ចម្ការស្វាយខាងលើ។

ហេតុការណ៍ភ្លើងឆេះព្រៃ រាលឆេះចម្ការស្វាយនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅចំណុចភ្នំស្លឹក ស្ថិតក្នុងភូមិបឹងអម្ពិល ឃុំស្តៅ ស្រុករតនមណ្ឌល។

ករណីភ្លើងឆេះព្រៃរាលចូលចម្ការស្វាយនេះ គឺបណ្តាលឱ្យខូចខាតដើមស្វាយលើផ្ទៃដីទំហំ ៣៥ហិកតារ របស់ម្ចាស់ឈ្មោះង៉ូវ មួយហៀង ភេទស្រី អាយុ៦០ឆ្នាំ មានលំនៅក្នុងរាជធានីភ្នំពេញ។

ភ្លាមៗនោះ ក្រោយពីបានទទួលព័ត៌មាន សមត្ថកិច្ចចំនួន៣ស្រុក បានសហការគ្នាចេញអន្តរាគមន៍ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកដល់ទីទាំងកើតហេតុ ដើម្បីបាញ់ទឹកពន្លត់ភ្លាមៗ ដោយក្នុងនោះមានរថយន្តពន្លត់អគ្គិ ភ័យរបស់អធិការដ្ឋានស្រុកបាណន់ ចំនួន១គ្រឿង រថយន្ត ពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកសំទ្បូត ចំនួន១ គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់របស់អធិការដ្ឋានស្រុករតនមណ្ឌល ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ចំនួន២គ្រឿង សរុបចំនួន៥គ្រឿង បានចេញប្រតិបត្តិការ និងទប់ស្កាត់ភ្លាមៗ មិនឱ្យរាល ដាលបន្ត។

តាមការចុះពិនិត្យនិងសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា បញ្ហានេះគឺបានកើតឡើងដោយសារភ្លើងឆេះព្រៃ ទើបធ្វើឱ្យរាលឆេះដល់ចម្ការស្វាយខាងលើ បណ្តាលឱ្យខូចខាតដើមស្វាយ ចំនួនប្រមាណ ១៥០០០ដើម ដែលករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

