ទីផ្សារការងារ៖ បណ្តាញព័ត៌មានបរទេសផ្សាយថាអត្រាការងារដែលបានកែសម្រួលតាមរដូវកាលក្នុងប្រទេសអូស្ត្រាលីបានកើនឡើងប្រមាណជា១៣.៥០០នាក់ក្នុងខែមករាដើមឆ្នាំ២០១៧នេះធៀបនឹងខែធ្នូឆ្នាំ២០១៦ និងថយចុះពីចំនួនការងារថ្មី១៦.៣០០នាក់ដែលបានបង្កើតឡើងក្នុងអំឡុងខែធ្នូ។
តួលេខនៃខែមករាសម្រេចបានលើសពីការរំពឹងទុករបស់អ្នកវិភាគដែលវាយតម្លៃនូវកំណើនការងារ១០.០០០នាក់ទៅទៀត។
ការកើនឡើងនៃអត្រាការងារឆ្លុះបញ្ចាំងឲ្យឃើញពីកំណើននៅក្នុងផ្នែកការងារក្រៅម៉ោងប្រមាណជា៥៨.៣០០នាក់ក្នុងខែមករា(ខែធ្នូមាន៥.១០០នាក់) ខណៈបរិមាណនៃការងារពេញម៉ោងវិញបានថយចុះ៤៤.៨០០នាក់ក្នុងរយៈពេលដូចគ្នានេះ ដែលផ្ទុយពីមុខតំណែងថ្មីចំនួន១១.៣០០នាក់ដែលបានបង្កើតឡើងក្នុងខែធ្នូ។
ចំណែកអត្រានៃការចូលរួមក្នុងទីផ្សារការងារបានថមថយដោយកម្រពី៦៤,៧%ក្នុងខែធ្នូមកត្រឹម៦៤,៦%ក្នុងខែមករា ។ អត្រាអត់ការងារធ្វើក្នុងខែមករាបានធ្លាក់ចុះមកត្រឹម៥,៧%(ខែធ្នូ៥,៨%)។
ទោះជាយ៉ាងណាគណៈវិនិច្ឆ័យគេហទំព័រសេដ្ឋកិច្ចដ៏ធំមួយលើពិភពលោកបានប៉ាន់ប្រមាណថាអត្រាអត់ការងារធ្វើក្នុងប្រទេសអូស្ត្រាលីនឹងស្ថិតក្នុងកម្រិតជាមធ្យម ៥,៦%ក្នុងឆ្នាំ២០១៧នេះ ដែលមិនប្រែប្រួលពីការព្យាករទុកកាលពីខែធ្នូឆ្នាំ២០១៦ឡើយ។ ដោយឡែកក្នុងឆ្នាំ២០១៨នឹងស្ថិតក្នុងកម្រិត៥,៤% ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា