Sunday, January 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិន១០នាក់ ជា.../ប់គុក១ជីវិត ជួ.../ញថ្នាំញៀន ១៤តោន

ចិន១០នាក់ ជា…/ប់គុក១ជីវិត ជួ…/ញថ្នាំញៀន ១៤តោន

ខេត្តព្រះសីហនុ ៖ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសបុរសជនជាតិចិនតៃវ៉ាន់ ១០នាក់ ដាក់ពន្ធនាគារ អស់មួយជីវិត ពាក់ព័ន្ធនឹងការផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ទម្ងន់១៤តោន និងបទសម្អាតប្រាក់ បទប៉ុនប៉ងផលិតដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បុរសជនជាតិចិនតៃវ៉ាន់ ទាំង១០នាក់ រួមមាន ១-ឈ្មោះ Lin Yang Hong ២-ឈ្មោះ Li Chong Hui ៣-ឈ្មោះ Zhen Ming Jian ៤-ឈ្មោះ Tsai Yi Tsung ៥-ឈ្មោះ Chen Te Jen ៦-ឈ្មោះ Chen Wei Yu ៧-ឈ្មោះ Tsai Cheng Wen ៨-ឈ្មោះ Yu Wen Wu ៩-ឈ្មោះ Liao Cheng Wei និង១០-ឈ្មោះ Shen Yuan Lung។

តុលាការក៏បានកំណត់ពិន័យជាប្រាក់ម្នាក់ៗ ចំនួន១០០លានរៀលផងដែរ និងបានបញ្ជាក់ថា គ្រឿងញៀនទាំងអស់ត្រូវបានបំផ្លាញចោលអស់ហើយ។

គួររំលឹកថា កាលពីខែកក្កដា ឆ្នាំ២០២២ កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីនេះនៅទីតាំងពីរកន្លែងក្នុងខេត្តព្រះសីហនុ រួមមានទីតាំងទី១ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ និងទីតាំងទី២ ស្ថិតនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។

ក្រៅពីសារធាតុគីមីនិងគីមីផ្សំ ជាង១៤តោន សមត្ថកិច្ចក៏បានរឹបអូសវត្ថុប្រើប្រាស់សម្រាប់ផលិតគ្រឿងញៀន ដូចជា ឆ្នាំងប្រតិកម្ម ចំនួន ៥០គ្រឿង កែវប្រតិកម្ម ចំនួន៧គ្រឿង ម៉ាស៊ីនភ្លើង ចំនួន៣គ្រឿង ម៉ាស៊ីនប្រតិកម្ម ចំនួន៥គ្រឿង ម៉ូទ័រក្រឡុក ចំនួន១គ្រឿង សំបកធុង ២៩៨សំបក និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត៕

RELATED ARTICLES