ខេត្តកំពង់ចាម ៖ បុរសវ័យ២៨ឆ្នាំម្នាក់ បានមកស៊ីឈ្នួលចាំចម្ការឱ្យគេ ស្ថិតនៅភូមិ២២ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ លុះដោយសារតែខ្វះខាតម្ហូប បុរសនេះបានកាប់មាន់ ១ក្បាល ដែលកំពុងឈឺ យកមកចម្អិនធ្វើម្ហូប ទទួលទានតែម្នាក់ឯង ស្រាប់តែហូបរួច កើតមានអាការគ្រុនក្តៅ ត្រូវបាននាំមកមណ្ឌលសុខភាព តែដោយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ត្រូវបានក្រុមសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែអកុ សលបុរសរងគ្រោះ បានបាត់បង់ជីវិត ដោយក្រុមគ្រូពេទ្យជំនាញបានបញ្ជាក់ថា ស្លាប់ដោយសារជំងឺផ្តាសាយបក្សី (H5N1) ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា មានអ្នកជំងឺផ្តាសាយបក្សី ១ករណី កើតលើបុសអាយុ ២៨ឆ្នាំ មានលំនៅក្នុងភូមិ២២ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី០៩ មករា ឆ្នាំ២០២៥។ ទោះជាមានការយកចិត្តទុកដាក់ការថែទាំ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ដោយសារអ្នកជំងឺមានស្ថានភាព ធ្ងន់ធ្ងររួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម អ្នកជំងឺបានស្លាប់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ តាមការសាកសួរ បង្ហាញថា ផ្ទះអ្នក ជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ហើយបុរសនេះ ជាអ្នកថែទាំនិងបានយកមាន់ឈឺ មកធ្វើម្ហូបបរិភោគ។
លោក នង ម៉េងហៀង ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ប្រាប់ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ថា ក្រោយពីទទួលបាននូវព័ត៌មាននេះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដូចជាលោកអ៊ុន ចាន់ដា អភិបាលខេត្ត មានការយកចិត្តទុកដាក់ខ្ពស់ បានចាត់ឱ្យរូបលោកដឹកនាំកម្លាំងជាច្រើននាក់ ចុះទៅកាន់ផ្ទះរបស់បុរសដែលស្លាប់ដោយជំងឺផ្តាសាយបក្សី នៅភូមិ២២ តាំងពីព្រឹកព្រលឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
ក្នុងពេលដែលចុះទៅដល់ទីនោះ ឃើញថាផ្ទះនេះស្ថិតនៅដាច់ពីភូមិ តែឯង គឺបុរសដែលស្លាប់នេះជាអ្នកស៊ីឈ្នួលមើលចម្ការដំណាំឱ្យគេ ក្នុងបរិវេណផ្ទះនោះ ឃើញមាន់ ទា និងក្ងាន ដែលចិញ្ចឹមជាលក្ខណៈគ្រួសារ សម្រាប់ធ្វើម្ហូបទទួលទាន។ កាលពីប៉ុន្មានថ្ងៃមុន បុរសអ្នកជំងឺនេះបានយកមាន់ដែលឈឺ ធ្វើម្ហូបទទួលទាន ក្រោយមកក៏មានអាការក្តៅខ្លួន ហើយត្រូវបានគេបញ្ជូនមកមណ្ឌលសុខភាពនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ តែដោយស្ថានភាពមានលក្ខណៈធ្ងន់ ក៏ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះជីវិត នៅរាជធានីភ្នំពេញ។
តាមរយៈការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ដើម្បីសង្គ្រោះអាយុជីវិតបុរសនេះ តែមិនអាចសង្គ្រោះបាន ព្រោះជំងឺមានសភាពធ្ងន់ធ្ងរណាស់ទៅហើយ តាមរយៈការធ្វើតេស្តឃើញថាបុរសនេះមានជំងឺផ្តាសាយបក្សី ដែលឆ្លងពីសត្វ។ ក្រោយមក បុរសនេះបានស្លាប់ ព្រោះតែមេរោគផ្តាសាយបក្សី។
ដោយទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាការណែនាំពីលោកអភិបាលខេត្ត នៅព្រឹកព្រលឹម ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញបសុពេទ្យ បានចុះទៅដល់ទីតាំងផ្ទុះផ្តាសាយបក្សីនោះ ដោយធ្វើការហ៊ុមព័ទ្ធ បាញ់ថ្នាំសម្លាប់មេរោគ ហើយមាន់ ទា និងក្ងាន ដែលមានជាង១០ក្បាល ត្រូវបានសម្លាប់ចោល ដាក់ថ្នាំដុតបំផ្លាញចោលតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសវាងមេរោគនេះរីកសាយភាយទៅកន្លែងផ្សេង។
ប្រធានការិយាល័យបសុព្យាបាលខេត្ត បានបញ្ជាក់ថា រូបលោកបានដឹកនាំមន្ត្រីជំនាញ ចុះបាញ់ថ្នាំសម្លាប់មេ រោគក្នុងបរិវេណផ្ទះចាំចម្ការ និងតាមដងផ្លូវជាច្រើនកន្លែងនៅក្នុងភូមិ២២ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ។ ជាមួយនោះ ក៏មានការផ្សព្វផ្សាយខិតប័ណ្ណដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីបើមានមាន់ ទាឈឺ មិនត្រូវយកមកធ្វើម្ហូបចម្អិនទទួលទាននោះទេ ក្នុងករណីសង្ស័យ ត្រូវរាយការណ៍មកកម្លាំងជំនាញការិយាល័យបក្សសុព្យាបាលស្រុកចម្ការលើ ឱ្យបានទាន់ពេលវេលា។ តាមរយៈការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាជំនាញកម្លាំងបសុព្យាបាលជាច្រើននាក់ ត្រូវបានតាមឃ្លាំមើល ដោយបិទភូមិ២២ មិនឱ្យមានចរាចរណ៍សត្វមាន់ ទា ចេញចូលក្នុងរយៈពេល ១៤ថ្ងៃ។
ផ្អែកតាមការណែនាំរបស់ក្រសួងសុខាភិបាល ពីរបៀបបង្ការកុំឱ្យឆ្លងជំងឺដោះស្រាយបក្សី ត្រូវអនុវត្តដូចខាងក្រោម ៖
-កុំប៉ះពាល់ឬទទួលទានមាន់ទាឈឺឬងាប់ និងពាក់ស្រោមដៃ និងពាក់ម៉ាស់ ឬយកក្រមាចងបិទច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហាររួច ហើយស្រុសវាក្នុងទឹកពុះ មុនបោចសម្អាតរោម
-ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវការអនុវត្តអនាម័យលាងដៃសម្អាតឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសម្អាតរោមសត្វបក្សីឬវត្ថុផ្សេងៗដែលអាចជាប្រភេទចម្លងរោគ
-ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ មុនបរិភោគជាពិសេសសាច់សត្វបក្សី និងស៊ុត កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ៕