ខេត្តកណ្តាល ៖ ផ្ទះរបស់ប្រជាពលរដ្ឋ ៤ខ្នង ត្រូវបានអគ្គិភ័យឆាបឆោះយ៉ាងសន្ធោសន្ធៅ និងបំផ្លាញអស់ ខណៈដែលម្ចាស់ផ្ទះម្នាក់ ក្នុងចំណោមនោះ បានបង្កាត់ភ្លើងដាំបាយ តែមិនបានពន្លត់ឱ្យបានត្រឹមត្រូវ ជាហេតុធ្វើឱ្យកើតមានគ្រោះអគ្គិភ័យ ឆេះរាលតែម្តង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ។
ជនរងគ្រោះជាម្ចាស់ផ្ទះទាំង៤ខ្នង រួមមាន ទី១-ឈ្មោះជា ជី ភេទប្រុស អាយុ៧៧ឆ្នាំ។ ទី២-ឈ្មោះហ៊ន ឈឿន ភេទប្រុស អាយុ៤៥ឆ្នាំ។ ទី៣-ឈ្មោះសឿន ខុម ភេទស្រី អាយុ៤៦ឆ្នាំ និងទី៤-ឈ្មោះឯក សាយ ភេទស្រី អាយុ៧១ឆ្នាំ។

តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះទាំង៤ខ្នង ដែលទទួលរងការឆាបឆេះខាងលើ ជាប្រភេទផ្ទះឈើ ប្រក់ស័ង្កសី រងខូចខាតទាំងស្រុង និងឆេះអស់ទាំងទ្រព្យសម្បត្តិក្នុងផ្ទះ ជាច្រើនទៀត។ ចំពោះមូលហេតុដោយសារ តែការបង្កាត់ភ្លើងដាំស្ល មិនបានពន្លត់ត្រឹមត្រូវ ទើប ធ្វើឱ្យកើតមានអគ្គិភ័យឆាបឆេះ និងរាលទៅកាន់ផ្ទះក្បែរខាងគ្នា សរុបចំនួន ៤ខ្នងតែម្តង។

សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចុះជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ដើម្បីការពារឆេះរាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។ យ៉ាងណាក្តី នៅក្នុងហេតុការណ៍នេះ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕