ខេត្តស្វាយរៀង ៖ ជនជាតិវៀតណាម ចំនួន៣៥នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ឱ្យទៅប្រទេសកំណើតវិញក្រោយពីអនុវត្តទោសចប់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនវៀតណាម សរុបចំនួន៣៥នាក់ (ស្រី១៤នាក់) ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិតឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អនុវត្តទោសចប់) លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

គួរបញ្ជាក់ថា ការបណ្តេញចេញនេះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី៕


