ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន៤នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន ដោយក្នុងនោះមានម្នាក់ធ្លាប់ជាប់ពន្ធនាគារ រយៈពេល ៣ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួន ពាក់ព័ន្ធករណីផ្តល់ទីតាំងសម្រាប់ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ។
ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផល សារៀម ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅ ភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ (មិនរាងចាល) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៣ឆ្នាំ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន។ ទី២-ឈ្មោះលន ណាប់ ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅ ភូមិវិហារខ្ពស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ទី៣-ឈ្មោះសាន សាវីន អាយុ២៧ឆ្នាំ មានលំនៅ ភូមិអម្ពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ និងទី៤-ឈ្មោះជឹម សាម៉ុន ហៅម៉ន អាយុ២១ឆ្នាំ មានលំនៅ ភូមិអម្ពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ។
ចំពោះវត្ថុតាងចាប់យក រួមមាន សារធាតុញៀនមេតំហ្វេតាមីន (ICE) ១កញ្ចប់តូច ទម្ងន់សរុប០,៤៣ក្រាម ទូរស័ព្ទដៃ ចំនួន១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន។
លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ក្រោយទទួលបាននូវសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានមុខសញ្ញាប្រមូលផ្តុំគ្នាជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន នៅផ្ទះរបស់ជនសង្ស័យឈ្មោះផល សារៀម ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវិហារលួង បានធ្វើការចេញល្បាត ទៅដល់ផ្ទះជនសង្ស័យ ឃើញមុខសញ្ញាប្រមូលផ្តុំគ្នាមែន ទើបសមត្ថកិច្ចបានឃាត់សាកសួរ និងត្រួតពិនិត្យ រកឃើញមានថ្នាំញៀន ចំនួន១កញ្ចប់តូច និងឧបករណប្រើប្រាស់ថ្នាំញៀន មួយចំនួន រួចបានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋានគរបាលស្រុកពញាឮ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះផល សារៀម បានឆ្លើយសារភាពថា ថ្នាំញៀន ១កញ្ចប់តូចនោះ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញថ្នាំញៀននេះ ពីឈ្មោះតឿ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ដោយទិញថ្នាំញៀន យកមកលក់ម្តងៗ តម្លៃចាប់ពី ២០ម៉ឺនរៀល និងទិញបានចំនួន ១១កញ្ចប់តូច ហើយយកទៅលក់ឱ្យគេបន្ត ក្នុង ១កញ្ចប់តូច តម្លៃ ២ម៉ឺនរៀល ទៅ ៣ម៉ឺនរៀល ហើយនៅមុនពេលសមត្ថកិច្ចឃាត់ខ្លួន គឺរូបគេបានលក់ថ្នាំញៀន ឱ្យគេបានចំនួន ៤កញ្ចប់រួចមកហើយ មានទាំងអ្នកយកអង្ករ និងពងទា មកដូរយកថ្នាំញៀន ដើម្បីទៅប្រើប្រាស់ក៏មាន។ ចំណែកថ្នាំញៀនដែលនៅសល់ បាននាំគ្នាប្រើប្រាស់ទាំងអស់គ្នា នៅក្នុងផ្ទះរបស់ខ្លួន (ផល សារៀម)។
ជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕